កំពង់ស្ពឺ៖ រសៀលថ្ងៃព្រហស្បតិ៍ ១៣រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០១៨ ក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី សោម សាម៉ុន មេបញ្ជាការរង តំណាងលោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បាននាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តចំនួន ៣,៦០៩,០០០រៀល ប្រគល់ជូនលោកអនុសេនីយ៍ត្រី ស៊ឹម សាង មេបញ្ជាការរងក្រុងច្បារមន ដែលគ្រួសាររបស់លោកបានទទួលមរណៈភាព។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី សោម សាម៉ុន បានពាំនាំការផ្តាំផ្ញើ ពីលោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងសោកស្តាយជាពន់ពេក ចំពោះភរិយាដ៏ល្អ របស់គ្រួសារលោក ស៊ឹម សាង ដែលធ្លាប់រួមរស់ជាមួយគ្នា ដោយភាពសុខសាន្ត និងបានមើលថែក្រុមគ្រួសារបានយ៉ាងល្អរយៈពេលកន្លងមក។