You are currently viewing ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ត្រូវបានប្រគល់ជូនគ្រួសារមន្ត្រីអាវុធហត្ថ

ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ត្រូវបានប្រគល់ជូនគ្រួសារមន្ត្រីអាវុធហត្ថ

តាកែវ៖ រសៀលថ្ងៃសុក្រ ១៤រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១០ ខែសីហា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ តំណាងលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការស្តីទី នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននាំយកថវិកា មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន ៣៥,៩១៨,០០០រៀល ដែលបានមកពីការបរិច្ចាកដោយទឹកចិត្តសប្បុរសធម៌របស់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទូទាំងរាជធានី-ខេត្ត និងសប្បុរសជន ក្នុងនោះមានថវិកាចំនួន ៥.០០០.០០០រៀល ជាថវិកាផ្ទាល់របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា ប្រគល់ជូនគ្រួសារសពលោកនាយចំណង់ ព្រាប ផារិន ជំនួយការការិយាល័យប្រតិបត្តិការកងរាជអាវុធហត្ថខេត្តតាកែវ ។
លោកឧត្តមសេនីយ៍ត្រី ឡា ឡៃ បានឱ្យដឹងថា នេះសបញ្ជាក់ឲ្យឃើញពីទឹកចិត្ត និងការស្រឡាញ់របស់លោកនាយឧត្តមសេនីយ៍ ដែលតែងតែគិតគូរ យកចិត្តទុកដាក់ដល់មន្រ្តីអាវុធហត្ថក្រោមឱវាទទាំងអស់។
ក្នុងឱកាសនោះ គ្រួសារសព លោកនាយចំណង់ បានថ្លែងអំណរគុណ ចំពោះទឹកចិត្តរបស់ លោកនាយឧត្តមសេនីយ៍ មេបញ្ជាការ នាយ-នាយរងអាវុធហត្ថទូទាំងប្រទេស និងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក សូមតាមជួយបីបាច់ថែរក្សា ថ្នាក់ដឹកនាំ និងមន្ត្រីអាវុធហត្ថគ្រប់រូប ទទួលបាននូវពុទ្ធពរ ទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។