បន្ទាយមានជ័យ៖ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណី ហឹង្សាដោយចេតនា និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់ នៅចំណុចផ្លូវកែងសាលាមនោរម្យ ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ៖ យោងពាក្យបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះ ផូ សុភាព(ហៅម៉ាប់) ភេទ ប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិ/សង្កាត់កើតហេតុខាងលើ និងដោយទទួលបានការអនុញ្ញាតពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារអមសាលដំបូងខេត្ត លោកបានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់ ១-ឈ្មោះ កែវ ចេន(ហៅជែម) ភេទប្រុស អាយុ ២០ឆ្នាំ បច្ចុប្បន្នស្នាក់នៅមិនពិតប្រាកដ ក្នុងក្រុងប៉ោយប៉ែត ២-ឈ្មោះ ថូ គឹមឈុន ភេទប្រុស អាយុ ១៦ឆ្នាំ បច្ចុប្បន្នរស់នៅភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ៣-ឈ្មោះ មួន វណ្ណា ភេទប្រុស អាយុ ១៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិច័ន្ទគីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ៅយប៉ែត ៤-ឈ្មោះ វុធ បញ្ញា ភេទប្រុស អាយុ ១៦ឆ្នាំ បច្ចុប្បន្នរស់នៅភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។ បន្ទាប់ពីធ្វើការឃាត់ខ្លួន និងសាកសួរចម្លើយ ជនសង្ស័យ ទាំង ០៤នាក់ ខាងលើ លោកបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។
ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ បានចាត់តាំងមន្ត្រីជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានឱ្យដឹងថា ៖ តាមការបំភ្លឺរបស់ជនរងគ្រោះ បានបញ្ជាក់ថា ៖ នៅថ្ងៃកើតហេតុ ខ្លួនបានជិះម៉ូតូចេញពីផ្ទះ សំដៅទៅកន្លែងធ្វើការនៅកាស៊ីណូបាឡេស្ត ស្រាប់តែជនសង្ស័យមានគ្នាប្រមាណ ០២នាក់ (កែវ ចេន និងឈ្មោះថា) ជិះម៉ូតូដេញតាមខ្លួនពីក្រោយ ពេលជិះមកក្បែរជនសង្ស័យក៏បានដកខ្សែក្រវ៉ាត់ វាយសំដៅមកលើខ្លួន បណ្តាលឱ្យចំក្បាលហូរឈាមយ៉ាងខ្លាំង ក៏ជិះម៉ូតូមកដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងភ្លាមៗតែម្តង ។ បន្ទាប់ពីទទួលបានពាក្យបណ្តឹង កម្លាំងជំនាញបានចុះធ្វើការស្រាវជ្រាវភ្លាមៗ ក៏បានឃើញជនសង្ស័យ(កែវ ចេន) កំពុងដោះដូរគ្រឿងបន្លាស់ម៉ូតូជាមួយបក្សពួក ០៣នាក់ផ្សេងទៀត ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច ក៏ចូលទៅឃាត់ខ្លួន និងធ្វើការឆែកឆេរ ឃើញមានគ្រឿងញៀនមេតំហ្វេតាមីនទឹកកក ចំនួន ០១ថង់តូចនៅនឹងខ្លួនបក្សពួករបស់(កែវ ចេន) ក៏ឃាត់ខ្លួនទាំង ០៤នាក់ តែម្តង ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានបន្តថា ៖ បន្ទាប់ពីការសាកសួរចម្លើយ ជនសង្ស័យបានសារភាពថា ៖ នៅថ្ងៃកើតហេតុខ្លួន និងមិត្តភ័ក្តម្នាក់ទៀត បានជិះម៉ូតូដើម្បីទៅលេងផ្ទះមិត្តស្រីរបស់ខ្លួន ពេលជិះតាមផ្លូវស្រាប់តែឃើញឈ្មោះ ផូ សុភាព ដែលធ្លាប់មានទំនាស់ជាមួយគ្នា ក៏ជិះតាមពីក្រោយ ហើយបានដកខ្សែក្រវ៉ាត់វាយទៅលើជនរងគ្រោះ បន្ទាប់ពីធ្វើសកម្មភាពរួច ខ្លួនបានបោះខ្សែក្រវ៉ាត់ចោលនៅកន្លែងកើតហេតុ ហើយបានជិះម៉ូតូគេចខ្លួនតែម្តង ដោយខ្លាចសមត្ថកិច្ចតាមចាប់ ខ្លួនបានពិភាក្សាជាមួយមិត្តភក្តិ ដើម្បីដោះដូរអាវម៉ូតូគ្នា កុំអោយសមត្ថកិច្ចរកឃើញ លុះដល់វេលាម៉ោងប្រមាណ ២១ និង ០០នាទី ក៏ត្រូវកម្លាំងកងរាជអាវុធហត្ថមកឃាត់ខ្លួនតែម្តង ។ ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ យោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឃើញមានតម្រុយពិរុទ្ធភាពនៃបទល្មើសជាក់លាក់ ជនសង្ស័យខាងលើ ពិតជាបានប្រព្រឹត្តបទល្មើស ហឹង្សាដោយចេតនា យ៉ាងពិតប្រាកដ ។ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទាំង ០៤នាក់ ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី ។