តាកែវ៖ នៅព្រឹកថ្ងៃចន្ទ ២កើតខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែសីហាឆ្នាំ២០១៨ នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោង បានរៀបចំពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខងារ មេបញ្ជាការ មូលដ្ឋាន ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តតាកែវ និង លោក កេត ម៉ៅ អភិបាលស្រុកសំរោង និងលោក ញ៉េប លី ប្រធានក្រុមប្រឹក្សាស្រុក ដោយមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យនិងមន្រី្តរាជការ កងកម្លាំងប្រដាប់អាវុធចំណុះរដ្ឋបាលសាលាស្រុកជាច្រើនរូបផងដែរ ។
បន្ទាប់ពី លោកវរសេនីយ៍ត្រី តន់ ប៊ុនធឿន នាយការិយាល័យបុគ្គលិក បានអានសេចក្តីសំរេចរបស់អគ្គបញ្ជាការ ស្តីពីការតែងតាំង ផ្លាស់ប្តូរមុខងារ លោកឧត្តមសេនីយ៍ត្រី ឡា ឡៃ ក៏បានប្រគល់សេចក្តីសំរេច ជូនដល់លោកអនុសេនីយ៍ឯក ជុំ ម៉ៅ ដែលត្រូវទទួលភារកិច្ចថី្ម ជាមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោង និងបានមានប្រសាសន៍ សំណេះសំណាលទៅកាន់អង្គពិធីជាពិសេសក៏បានផ្តាំផ្ញើ ដល់មេបញ្ជាការ ស្រុកដែលទើបបានតែងតាំងថ្មី ត្រូវបង្កើនការគ្រប់គ្រងកម្លាំងដើម្បីធានាសុវត្ថិភាព សន្តិសុខ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវយកចិត្តទុកដាក់កសាងអង្គភាពជំរំជំរកស្នាក់នៅ ការហូបចុករបស់ នាយ នាយរង ពិសេសត្រូវសាមគ្គីភាពផ្ទៃក្នុងអោយបានល្អ។