បន្ទាយមានជ័យ៖ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ២១ និង ១០នាទី ដោយទទួលបានបទបញ្ជា ពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត កម្លាំងជំនាញការិយាល័យគ្រឿងញៀន សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការបង្រ្កាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃបានចំនួន ០២នាក់ នៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានឱ្យដឹងថា៖ ក្រោយពីទទួលបានព័ត៌មានពីករណីខាងលើ លោកបានធ្វើសេចក្តីរាយការណ៍ជូនលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីស្នើសុំគោលការអនុវត្តន៍ និងដាយមានការសម្របសម្រួលពីលោកស្រី ឆេង ហាក់ងិង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងជំនាញការិយាល័យគ្រឿងញៀន សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ចុះប្រតិបត្តិការបង្រ្កាបបទល្មើសខាងលើ រហូតឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ ១-ឈ្មោះ ថៃ សំរាន (ហៅ តាឡិក) ភេទប្រុស អាយុ ៦៣ឆ្នាំ ជនជាតិថៃ ស្រុកកំណើតនៅភូមិសាថន សង្កាត់យ៉ាណាវ៉ា ក្រុងប៉ាងកក ២-ឈ្មោះ ភីនយ៉ៃ ធប់កែវ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិថៃ ស្រុកកំណើតនៅភូមិ ម៣ ឃុំអារញ្ញ ស្រុកអារញ្ញ ខេត្តស្រះកែវ និងរឹបអូសបានវត្ថុតាងរួមមាន ៖ -គ្រឿងញៀនមេតំហ្វេតាមីនទឹកកក ចំនួនៈ ០៣ថង់កិប ស្មើ ៣០៦.៤ក្រាម -ទូរស័ព្ទ ចំនួន ០២គ្រឿង -លិខិតឆ្លងដែនជនជាតិថៃ ឈ្មោះ ទេពកាសេម គេត្រាត ចំនួន ០១ក្បាល -កូនកាំបិតបត់ចំនួន ០១ដើម -ឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន ។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានបន្ថែមថា៖ បន្ទាប់ពីធ្វើការឃាត់ខ្លួន និងសាកសួរចម្លើយ ជនសង្ស័យ (ភីនយ៉ៃ ធប់កែវ) បានសារភាពថា ៖ ខ្លួនបានជួញដូរសារធាតុញៀននេះ រយៈពេល ០៤ខែមកហើយ ដោយទិញពីថៅកែម្នាក់តាមរយៈ តាឡិក ម្តង ០២ ទៅ ០៣ថង់កិប និងតាឡិក ក៏ជាអ្នកជួយចែកចាយបន្តដែរ ។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានបញ្ជាក់ថា ៖ ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ ឃើញមានតម្រុយពិរុទ្ធភាពនៃបទល្មើសជាក់លាក់ ជនសង្ស័យខាងលើ ពិតជាបានប្រព្រឹត្តបទល្មើស៖ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី ។