You are currently viewing កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានត្រៀម ជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីមានជំនន់ទឹកភ្លៀងក្នុងរដូវវស្សានេះ

កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានត្រៀម ជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីមានជំនន់ទឹកភ្លៀងក្នុងរដូវវស្សានេះ

កំពង់ស្ពឺ៖ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ អញ្ជើញផ្សព្វផ្សាយ សភាពការណ៍វិវដ្តថ្មីៗ និងផ្សព្វផ្សាយផែនការ ជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះមហន្តរាយដោយគ្រោះធម្មជាតិ ទឹកជំនន់ នៅខេត្តកំពង់ស្ពឺ និងត្រួតពិនិត្យ មធ្យោបាយ សម្ភារៈ គ្រឿងបំពាក់ ជួយសង្រ្គោះប្រជាពលរដ្ឋ ថែមទាំងបានធ្វើការសាកល្បងចេញក្បួនប្រតិបត្តិការសង្គ្រោះនៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ ។ ក្នុងពិធីនោះមានវត្តមានចូលរួមពីនាយទាហាន នាយទហានរង ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ ។
លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដាក់ចេញនូវវិធានការចំពោះនាយទាហាន នាយទាហានរងថា ក្នុងករណីមានគ្រោះធម្មជាតិ ខ្យល់កន្ទ្រាក់ ទឹកជំនន់ ក្នុងរដូវវស្សានេះ ត្រូវនាំគ្នាខិតខំយ៉ាងយកចិត្តទុកដាក់ ដឹកជញ្ជូនប្រជាពលរដ្ឋរកទីទួលមានសុវត្ថិភាព ថែរក្សាទ្រព្យសម្បត្តិរបស់ពលរដ្ឋឲ្យបានគង់វង្ស ក្នុងករណីធ្ងន់ធ្ងរត្រូវរាយការណ៍បន្ទាន់ដើម្បីស្វែងរកជំនួយអន្តរាគមន៍ពីថ្នាក់លើ ។
លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានបន្ថែមថា៖ កម្លាំងត្រូវសហការណ៍ឲ្យខ្ជាប់ខ្ជួនជាមួយអាជ្ញាធរមូលដ្ឋាន តាមដានជាប្រចាំចំពោះចំណុចដែលប្រឈមានមហានិភ័យខ្ពស់ក្នុងមូលដ្ឋាន ដើម្បីធានាដល់ការជួយសង្គ្រោះមានប្រសិទ្ធិភាពខ្ពស់ ចំណុចដែលត្រូវគិតគូរចម្បងគឺ ចាស់ជរា ស្រ្តីមានផ្ទៃពោះ ស្ត្រីទើបសម្រាលកូនរួច ក្មួយៗសិស្យសាលា និងវត្តអារាមនានា ។
មេបញ្ជាការសង្កត់ធ្ងន់ថា ចាប់ពីពេលនេះរហូតចប់រដូវវស្សាកម្លាំងទាំងអស់ត្រូវថែរក្សា មធ្យោបាយរថយន្តធំសម្រាប់ដឹកជញ្ជូនសម្ភារៈ អូប័រ-ទូក សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋ ជាពិសេសប្រើកម្លាំងសរុប មធ្យោបាយសរុប បើមានការខ្វះខាត អង្គភាព នឹងសុំជំនួយបន្ទាន់ពីកងរាជអាវុធហត្ថលើផ្ទៃប្រទេសភ្លាមៗផងដែរ ។