You are currently viewing ជនសង្ស័យចំនួនពីរនាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យឃាត់ខ្លួន

ជនសង្ស័យចំនួនពីរនាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យឃាត់ខ្លួន

បន្ទាយមានជ័យ៖ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ១៦ និង ១០នាទី កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរ ដឹកនាំដោយលោកវរសេនីយ៍ត្រី ងួន ភិរម្យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះប្រតិបត្តិការបង្រ្កាបករណី ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ នៅចំណុចភូមិភូមិកោះកែវ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ។
លោកវរសេនីយ៍ត្រី ងួណ ភិរម្យ បានឱ្យដឹងថា ៖ នៅថ្ងៃកើតហេតុ លោកបានទទួលព័ត៌មាន មានករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន និងដោយទទួលបានការអនុញ្ញាតពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅវេលាម៉ោង ១៥ និង ៣០នាទី ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ លោកបានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្រ្កាបភ្លាមៗនៅនឹងកន្លែង និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ ដែលកំពុងតែប្រើប្រាស់សារធាតុញៀននៅទីនោះ មាន ៖ ១-ឈ្មោះ សូត្រ ចាន់យឿត (ហៅ នុយ) ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ បច្ចុប្បន្នរស់នៅភូមិអូរធំ ឃុំបន្ទាយនាង ស្រុកមង្គលបូរី ២-ឈ្មោះ អួន ចាន់សុវណ្ណឌី ភេទស្រី អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន បច្ចុប្បន្នរស់នៅភូមិអញ្ចាញ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី និងវត្ថុតាងរួមមាន ៖ -ទូរស័ព្ទដៃម៉ាក OPPO ពណ៌ស ០១គ្រឿង -ឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន ។
លោកវរសេនីយ៍ត្រី ងួន ភិរម្យ បានបន្ថែមថា ៖ ក្រោយពីធ្វើការឃាត់ខ្លួន លោកបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។
ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចាត់តាំងមន្ត្រីជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានបញ្ជាក់ថា ៖ ក្រោយពីទទួលបានចម្លើយសារភាព និងធ្វើតេស្តទឹកនោមជនសង្ស័យទាំង ០២នាក់ខាងលើ អាចត្រូវចោទពីបទ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កម្លាំងជំនាញបានកសាងសំណុំបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី ។