You are currently viewing អាវុធហត្ថខេត្តកណ្ដាល និងអាជ្ញាធរមូលដ្ឋាន រួមគ្នាច្រកបាវខ្សាច់ទប់ទឹកជំនន់ហូរច្រោះ និងចែកអំណោយដល់គ្រួសាររងគ្រោះ ដោយទឹកជំនន់

អាវុធហត្ថខេត្តកណ្ដាល និងអាជ្ញាធរមូលដ្ឋាន រួមគ្នាច្រកបាវខ្សាច់ទប់ទឹកជំនន់ហូរច្រោះ និងចែកអំណោយដល់គ្រួសាររងគ្រោះ ដោយទឹកជំនន់

កណ្ដាល៖ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាអាវុធហត្ថខេត្តកណ្ដាល បានដឹកនាំកម្លាំងអាវុធហត្ថក្រោមឱវាទ សហការជាមួយសភាពាណិជ្ជកម្មខេត្ត ដឹកនាំដោយលោកឧកញ៉ា សុខ ស្រស់ ព្រមទាំងសហការី និងអាជ្ញាធរមូលដ្ឋាន បានចុះជួយច្រកបាវខ្សាច់ទប់ទឹកដែលបណ្តាលមកពីទឹកជំនន់ធ្វើឲ្យដាច់ផ្លូវ ដើម្បីប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ឡើងវិញ ស្ថិតនៅចំណុចភូមិបាក់ដាវ ឃុំបាក់ដាវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ក្នុងយុទ្ធនាការនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋបានថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅដល់លោកឧត្តមសេនីយ៍ត្រី សំ តុលា និងកម្លាំងកងរាជអាវុធហត្ថទាំងអស់ និងលោកឧកញ៉ា សុខ ស្រស់ ព្រមទាំងសហការី ដែលបានចុះជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋទាន់ពេលវេលា តាមការស្នើដើម្បីឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ប្រកបរបរកស៊ីចញ្ចឹមជីវិតបានធម្មតាឡើងវិញ។
លោកឧត្តមសេនីយ៍ត្រី សំ តុលា បានគូសបញ្ជាក់ថា ការងារនេះត្រូវបានធ្វើឡើង ដោយអនុវត្តនូវភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ បង្ការ បង្ក្រាប និងសង្គ្រោះ ពិសេសការណែនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការស្តីទី នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ម៉ៅ ភិរុណ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកណ្តាល។
ថ្នាក់ដឹកនាំទាំងអស់ តែងតែយកចិត្តទុកដាក់ ដាស់តឿនក្រើនរំលឹកដល់ មេបញ្ជាការគ្រប់កងឯកភាព ពង្រឹងការយកចិត្តទុកដាក់បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទ ពិសេសនៅពេលនេះយកចិត្តទុកដាក់ខ្ពស់ ចុះជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍មេបញ្ជាការ និងលោកឧកញ៉ា សុខ ស្រស់ ក៏បានចុះសួរសុខទុក្ខ ចែកអំណោយ ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ មានជីវភាព ខ្វះខាត ចំនួន៣៥គ្រួសារ ដល់លំនៅដ្ឋានរួមមាន ស្រុកខ្សាច់កណ្តាល៣៤គ្រួសារ និងស្រុកពញាឮ២គ្រួសារ សរុបជាទឹកប្រាក់អស់ជាង ២៥លានរៀល។