ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ០៩កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ លោកវរសេនីយ៍ឯក អ៊ាង ភារៈ មេបញ្ជាការរង និងជានាយសេនាធិការ តំណាង
លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានដឹកនាំសហការី អញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាមូលនិធិគ្រួសារកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ចំនួន ៣,៩៧០,០០០រៀល និង ៧០០ដុល្លារអាមេរិក ព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួន ទៅប្រគល់ជូនលោកវរសេនីយ៍ទោ ស្រី យ៉ុង នាយរងសេនាធិការដ្ឋាន កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ដែលមានជំងឺ និងបានធ្វើការវះកាត់ព្យាបាល នៅមន្ទីពេទ្យព្រះកេតុមាលា រាជធានីភ្នំពេញ។
សូមបញ្ជាក់ជូនថា ថវិកាឧបត្ថម្ភទាំងនេះ គឺបានមកពីការចូលរួម ទៅតាមសទ្ធា សមានចិត្ត និងលទ្ធភាពរបស់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត តាមរយៈមូលនិធិគ្រួសារ កងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំ។ លោកវរសេនីយ៍ទោ ស្រី យ៉ុង និងក្រុមគ្រួសារបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនទាំងអស់ ដែលបានបរិច្ចាគថវិកាផ្ទាល់ខ្លួនដ៏មានតម្លៃ ជួយដល់រូបលោក និងសូមគោរពជូនពរមិត្តរួមការងារទាំងអស់ ជួបប្រទះតែសេចក្តីសុខ សុខភាពល្អ សុភមង្គលក្នុងក្រុមគ្រួសារ និងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕