ស្វាយរៀង៖ ព្រឹកថ្ងៃពុធ ១១កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង បានរៀបចំពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០១៨ ក្រោមអធិតីភាពលោកឧត្តមសេនីយ៍ត្រី នុត នន្ទ មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកនាយរងសេនាធិការដ្ឋាន ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការរងមូលដ្ឋានក្រុង/ស្រុកទាំង៨ជាច្រើនរូបទៀត។
បន្ទាប់មកលោកវរសេនីយ៍ទោ ហ៊ាន ចន្ធី នាយរងសេនាធិការដ្ឋាន បានលើកឡើងពីផែនការស្តីពីរបៀបរបបប្រជុំ និងឯកសណ្ឋាន ដែលត្រូវចូលរួមពិធីផ្សេងៗ រួមទាំងការរាយការណ៍ពីមូលដ្ឋានក្រុង/ស្រុក និងមន្ទីរ និងសេនាធិការដ្ឋាន។
បន្ថែមពីនោះ លោកឧត្ដមសេនីយ៍ត្រី នុត នន្ទ បានដាក់ទិសដៅបន្តរួមមាន៖
– សាមគ្គីផ្ទៃក្នុងអង្គភាពឱ្យបានល្អ។
– យកចិត្តទុកដាក់ក្តាប់ព័ត៌មាន រួចរាយការណ៍ជូនឯកឧត្តមមេបញ្ជាការជាបន្ទាន់។
– បន្តការងារបង្ការ បង្រ្កាបមុខសញ្ញាផ្សេងៗ។
– ការងារកសាងកម្លាំង និងការងារហ្វឹកហ្វឺនត្រៀមបើកវគ្គ។
– តាមបណ្ដាអង្គភាពមូលដ្ឋានក្រុង/ស្រុក ត្រូវយកចិត្តទុកដាក់អនុវត្តពីតួនាទី ភារកិច្ចរបស់ខ្លួនឱ្យបានម៉ឺងម៉ាត់ ពិសេសត្រៀមការងារជួយសង្គ្រោះប្រជាពលរដ្ឋមានគ្រោះមហន្តរាយដោយទឹកជំនន់។