កំពង់ឆ្នាំង៖ ព្រឹកថ្ងៃពុធ ១១កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជុំរាយ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការរង ស្នងការដ្ឋានរដ្ឋាបាលនិងហិរញ្ញវត្ថុ និងជាអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញទៅធ្វើបទឧទេ្ទសនាមដល់សិក្ខាកាមវគ្គបណ្តុះបណ្តាលនាយទាហានរងនៃកងរាជអាវុធហត្ថជំនាន់ទី៤៣ ស្តីពីបទបញ្ញាតិនៃច្បាប់ស្តីពីលក្ខន្តិកៈ និងបទវិន័យទូទៅនៃកងយោធពលខេមរភូមិន្ទ។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានមានប្រសាសន៍ថា ដោយមានការអនុញ្ញាតពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការស្តីទីនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស មកធ្វើបទឧទេ្ទសនាមពីបទបញ្ញាតិនៃច្បាប់លក្ខន្តិកៈ និងបទវិន័យទូទៅនៃកងយោធពលខេមរភូមិន្ទ ដល់សិក្ខាកាមវគ្គបណ្តុះបណ្តាលនាយ ទាហានរងនៃកងរាជអាវុធហត្ថជំនាន់ទី៤៣ ដើម្បីឱ្យយល់ដឹងអំពីច្បាប់ និងចៀសវាងនូវកំហុសខុសឆ្គង។ លោកឧត្តមសេនីយ៍បានបន្តថា ៖ លោកនាយឧត្តមសេនីយ៍ សៅ សុខា បានចាត់ទុកការងារហ្វឹកហ្វឺនបណ្តុះបណ្កាល ពង្រឹងសមត្ថភាពបុគ្គលិក ជាការងារអាទិភាព ដែលតម្រូវលើភារកិច្ច ក្នុងការថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ពង្រឹងនីតិរដ្ឋ ហើយមានបេសកកម្មបីគឺ បង្ការ បង្រ្កាប និងសង្គ្រោះ ដូច្នេះហើយបានជាសិក្ខាកាមគ្រប់រូប ត្រូវចេះជំនាញហែលទឹក លោតឆ័ត្រ និងជំនាញផ្សេងៗទៀត។ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបន្តថា ក្នុងនាមយើងជាកម្លាំងមានសមត្ថកិច្ច យើងមានសិទ្ធិសេរីភាពដូចប្រជាពលរដ្ឋដែរ ប៉ុន្តែសិទ្ធិមួយចំនួនត្រូវបានកំណត់ដោយច្បាប់ ដែលយើងជាយោធិននៃកងយោធពលខេមរភូមិន្ទ។ ដូច្នេះច្បាប់លក្ខន្តិកៈ សិក្ខាកាម ចាំបាច់ត្រូវតែចេះ ក្នុងការអនុវត្តតួនាទី ភារកិច្ច ទី១ ពាក់ព័ន្ធលើវិន័យ កាលណាយើងធ្វើខុស យើងនឹងទទួលកំហុស ទណ្ឌកម្ម បើធ្វើខុសពាក់ព័ន្ធនឹងច្បាប់ប្រព្រឹត្តបទល្មើសទៀត គឺតូ្រវទទួលទោសទៅតាមច្បាប់ អនុវត្តតាមតុលាការស៊ីវិល បើខុលលើបទល្មើសយោធា អនុវត្តតាមតុលាការយោធា ដែលមានតែកងរាជអាវុធហត្ថទេ ដែលមាននីតិសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌យោធា ។ តែសម្រាប់បទល្មើសព្រហ្មទណ្ឌ ទោះបីយើងកងរាជអាវុធហត្ថក្តី យោធាក្តី នគរបាលក្តី អ្នកណាក៏មានសិទ្ធិចាប់ ឃាត់ខ្លួនដែរ សូម្បីប្រជាពលរដ្ឋក៏មានសិទ្ធិចាប់ដែរ ឱ្យតែបទល្មើសនោះជាបទល្មើសជាក់ស្តែង ប៉ុន្តែត្រូវបញ្ជូនជនសង្ស័យនោះ ទៅមន្ត្រីនគរបាលយុត្តិធម៌ណា ដែលនៅជិត។ លោកឧត្តមសេនីយ៍ត្រី បានបន្ថែមថា កងយោធពលខេមរភូមិន្ទមានភារកិច្ចបម្រើប្រទេសជាតិ រៀបចំកម្លាំងដើម្បីការពារកសាងមាតុភូមិនិងបម្រើផលប្រយោជន៍ខ្ពង់ខ្ពស់របស់ប្រទេសជាតិ។ ដូច្នេះភារកិច្ចរបស់យើងគឺបម្រើប្រទេសជាតិ អត់មានទៅបម្រើអន្តរជាតិ ទៅបម្រើក្រៅប្រទេសនោះទេ តែរាជរដ្ឋាភិបាលមានសិទ្ធិបញ្ជូនកងទ័ពទៅសហការជាមួយនឹងអង្គការសហប្រជាជាតិ នៅក្នុងក្របខណ្ឌថែរក្សាសន្តិភាព។ លោកឧត្តមសេនីយ៍ អេង ហ៊ី ក៏បានជំរុញឱ្យប្អូនៗ សិក្ខាកាមទាំងអស់ត្រូវបន្តសិក្សាស្វែងយល់បន្ថែមលើបទបញ្ញាតិ លក្ខន្តិកៈទូទៅរបស់កងយោធពលខេមរភូមិន្ទ រដ្ឋធម្មនុញ និងច្បាប់ថ្មីទៀត ដែលបានដាក់ឱ្យប្រើប្រាស់នៅក្នុងប្រទេសយើង។
