ឧត្តរមានជ័យ៖ នៅវេលាម៉ោង ០៨ និង ៤៥នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែង ដឹកនាំដោយលោកវរសេនីយ៍ទោ ងួន ទ្ធីរិទ្ធ មេបញ្ជាការស្រុក បានចុះបង្រ្កាបករណីចែកចាយសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ នៅចំណុចភូមិអូរគគីរលើ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ជនសង្ស័យទាំង២នាក់មានឈ្មោះ ហេង មួង ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិអភិវឌ្ឍន៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ និងឈ្មោះ លន សាវឿន ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប រួមទាំងដកហូតបានវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សចំនួន ១១ថង់តូច និង ០១ថង់ ទំងន់ ១២៦.៥១ក្រាម, រថយន្ត Lexus RX៣០០ ចំនួន ០១គ្រឿង, ទូរស័ព្ទចំនួន ០៥គ្រឿង, ប្រាក់រៀលចំនួន ១៥០,០០០រៀល, កាបូបដៃពណ៌ខ្មៅចំនួន ០១, ថង់ច្រកគ្រឿងញៀន និងសម្ភារៈសំរាប់សេពសារធាតុញៀនមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្រ្តីជំនាញកងរាជអាវុធហត្ថខេត្ត កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។