អាវុធហត្ថខេត្តបាត់ដំបង បង្រ្កាបបានបទល្មើសដឹកជញ្ជូន និងជួញដូរសត្វព្រៃជិត ៦០គីឡូក្រាម

បាត់ដំបង៖ ដោយទទួលបាននូវការណែនាំពីលោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង ដល់មន្រ្តីជំនាញ និងគ្រប់គោលដៅទាំងអស់ លើការងារ បង្ការ បង្រ្កាប និងសង្រ្គោះ ជាក់ស្តែង៖ នៅវេលាម៉ោង ១៥:២២ នាទី ថ្ងៃ២៨ ខែសីហា ឆ្នាំ២០១៨ កំលាំងអាវុធហត្ថស្នាក់ការសន្តិសុខ ៥០៨ បានបង្រ្កាបបទល្មើសដឹកជញ្ជូន និងជួញដូរសត្វព្រៃខុសច្បាប់ ចំណុចវាលបឹងភ្លោះ ភូមិព្រែកចាស់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង និងបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ តី តុលា ភេទប្រុស ២៩ឆ្នាំ រស់នៅភូមិថ្វាង ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ពីបទដឹកជញ្ជូននិងជួញដូរសត្វព្រៃខុសច្បាប់។
វត្ថុតាងដកហូតរួមមាន៖
១.សត្វពស់វែកចំនួន ១២ ក្បាល=២២ គីឡូក្រាម
២.សត្វពស់ថ្លាន់ចំនួន ០២ ក្បាល=២៥ គីឡូក្រាម
3.សត្វសំពោចចំនួន ០៧ ក្បាល= ០៨ គីឡូក្រាម
៤.ស្បែកពស់ថ្លាន់ចំនួន ០៣= គីឡូក្រាម
៥.កាណូតចំនួន ០១ គ្រឿង
៦.ទូរស័ព្ទចំនួន ០១ គ្រឿង។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកំពុងឃាត់នៅបញ្ជការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីបន្តនីតិវិធី ចំណែកឯសត្វព្រៃជាវត្ថុតាងត្រូវបានធ្វើកំណត់ប្រគល់និងចូលរួមប្រលែងដោយលោកវរសេនីយ៍ត្រី អ៊ន ជ្រីសៅរ៍មណ្ឌល មេបញ្ជាការង, លោកវរសេនីយ៍ត្រី ឡេង គឹមឈាន នាយរងសេនាធិការ រដ្ឋបាលព្រៃឈើ និងដឹកនាំសម្របសម្រួលដោយលោក ប៉ង់ ចាន់សុយុទ្ធារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបងបានយកសត្វព្រៃដែលសមត្ថកិច្ចចាប់ដកហូតបានពីជនសង្ស័យទៅប្រលែងនៅជើងភ្នំបាណន់ ខេត្តបាត់ដំបង៕