បន្ទាយមានជ័យ៖ នៅវេលាម៉ោង ០៧ និង ៣០នាទី ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ ដឹកនាំដោយលោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះប្រតិបត្តិការបង្រ្កាបករណីជួញដូរសារធាតុញៀនដោយខុសច្បាប់ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ នៅចំណុចផ្លូវជាតិលេខ៥៩ ស្ថិតនៅភូមិអូរស្អំ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ។ លោកវរសេនីយ៍ត្រី តាំង សុខហេង បានឱ្យដឹងថា ៖ ក្រោយទទួលបានព័ត៌មាន និងដោយទទួលបានការអនុញ្ញាតពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងចុះប្រតិបត្តិការ រហូតឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ មានឈ្មោះ ជឹម ជឿន ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន បច្ចុប្បន្នរស់នៅភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ រួមជាមួយវត្ថុតាងមួយចំនួនរួមមាន ៖ គ្រឿងញៀនមេតំហ្វេតាមីនគ្រាប់ចំនួន ១,០០៧គ្រាប់, ទូរស័ព្ទចំនួន ០១គ្រឿង, ម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៤ ។ ក្រោយពីធ្វើការឃាត់ខ្លួន និងសួរចម្លើយរួចមក លោកបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។
ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចាត់តាំងមន្ត្រីជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានបញ្ជាក់ថា ៖ ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា ៖ ខ្លួនបានជួញដូរគ្រឿងញៀនបានចំនួន០៦លើករួចមកហើយ ដោយទិញពីមនុសុ្សម្នាក់មិនស្គាល់ឈ្មោះ នៅស្រុកសំពៅលូន ខេត្តបាត់ដំបង ដើម្បីយកមកចែកចាយបន្តនៅក្នុងភូមិសាស្រ្តស្រុកម៉ាឡៃ ។ ដោយយោងលើចម្លើយសារភាព ជនសង្ស័យខាងលើអាចត្រូវចោទពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កម្លាំងជំនាញបានកសាងសំណុំបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី ។
