បន្ទាយមានជ័យ៖ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិសាមគី្គ ឃុំគោករមៀត ស្រុកថ្មពួក កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួក ដឹកនាំដោយលោកវរសេនីយ៍ត្រី ដុំ ចិត្រ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះប្រតិបត្តិការបង្រ្កាបករណីលួចប្រាក់ ដោយឃាត់ខ្លួនជនសង្ស័យបានម្នាក់មានឈ្មោះ ម៉ៃ សំណាង ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិ-សង្កាត់កើតហេតុខាងលើ ។
លោកវរសេនីយ៍ត្រី ដុំ ចិត្រ បញ្ជាក់ថា៖ ក្រោយទទួលបានពាក្យបណ្តឹង និងការបំភ្លឺរបស់ជនរងគ្រោះឈ្មោះ លួត វណ្ណា ភេទប្រុស អាយុ ៣៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិសាមគី្គ ឃុំគោករមៀត ស្រុកថ្មពួក កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ដែលបានបាត់លុយចំនួន ៦០០ដុល្លារ ខណៈដែលគាត់ និងប្រពន្ធគាត់ចេញទៅក្រៅ ហើយមានអ្នកជិតខាងប្រាប់ថា បានឃើញជនសង្ស័យឈ្មោះ មៃ សំណាង ចូលមកក្នុងផ្ទះរបស់ខ្លួន និងដោយអនុវត្តន៍តាមការណែនាំរបស់លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោក ក៏បានដឹកនាំកម្លាំងចុះប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យបានតែម្តង។
បន្ទាប់ពីការឃាត់ខ្លួន ជនសង្ស័យបានសារភាពថា៖ ខ្លួនពិតជាបានលួចលុយចំនួន ៦០០ដុល្លា ពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី។