កំពង់ស្ពឺ៖ ដោយមានការណែនាំ និងចង្អុលបង្ហាញពី លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការស្តីទីនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃពុធ ១០រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំមន្ត្រីអាវុធហត្ថក្រោមឱវាទ បាននាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្ត ទៅប្រគល់ជូន លោកវរសេនីយ៍ឯក នាង ក្វាយ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ថវិកាមានចំនួន ៤,២២៣,០០០រៀល សម្រាប់ជួយសម្រួលក្នុងពិធីបុណ្យសពម្តាយដែលបានទទួលមរណៈភាព និងប្រគល់ជូន លោកអនុសេនីយ៍ឯក កែវ ម៉ារឌី អនុប្រធានមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ថវិកាមានចំនួន ២,៦៩៨,០០០រៀល សម្រាប់ចូលរួមចំណែកក្នុងពិធីបុណ្យសពកូនប្រុសដែលទើបទទួលមរណៈភាព។
ទន្ទឹមនោះ ក្នុងនាមអង្គភាពទាំងមូល សូមចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រម ចំពោះក្រុមគ្រួសារ ទាំងពីរ ដែលគ្រួសារ បានបាត់បង់ម្តាយ និងកូនជាទីស្រឡាញ់ មិនអាចកាត់ថ្លៃបាន ទោះបីអង្គភាពបាន ប្រគល់ប្រាក់មូលនិធិ ដ៏តិចតួចស្តួចស្តើងក្តី គឺជាកាយវិការបានបង្ហាញអំពីការសាមគ្គីភាព ឯកភាពរឹងមាំ ដោយចេះជួយគ្នានៅគ្រាដែលមានទុក្ខលំបាក ហើយអាចយកទៅដោះស្រាយបន្ទាន់ សម្រាប់ចាត់ចែងការខ្វះខាតចាំបាច់នានានៅក្នុងគ្រួសារកំពុងជួបទុក្ខលំបាកផងដែរ ។
សូមបញ្ជាក់ថា៖ មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅតែបន្តដើម្បីការងារមនុស្សធម៌ ធ្វើឡើងដោយស្ម័គ្រចិត្តតាមសទ្ធាជ្រះថ្លា និងមិនមានការបង្ខិតបង្ខំ ហើយស្មើរភាពសម្រាប់ដោះស្រាយការចំណាយផ្សេងៗ ក្នុងគ្រួសារដែលជួបការលំបាក។