ភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារ ២កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងនាយ នាយរង ការិយាល័យបុគ្គលិក រួមជាមួយក្រុមការងារមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ បាននាំយកថវិកាមូលនិធិជាង ៣៥ លានរៀល ជូនក្រុមគ្រួសារសពលោកអនុសេនីយ៍ឯក ហង្ស ដារា នៅផ្ទះលេខ ៦៨ ក្រុម៣ ភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ ដោយរោគាពាធ។
លោកឧត្តមសេនីយ៍ទោ នាង សុជីវី បានពាំនាំនូវការសួរសុខទុក្ខ និងចូលរួមមរណៈទុក្ខពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនចំពោះក្រុមគ្រួសារសពលោកអនុសេនីយ៍ឯក ហង្ស ដារា ជំនួយការការិយាល័យបុគ្គលិកកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ លោកឧត្តមសេនីយ៍ទោ នាង សុជីវី បានបន្តថា មូលនិធិនេះលោកនាយឧត្តមសេនីយ៍ សៅ សុខា បានបង្កើតឡើង ដើម្បីរួមចំណែកជួយសម្រាលទុក្ខលំបាករបស់ក្រុមគ្រួសារសព ដែលជានាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថទូទាំងប្រទេស។ លោកឧត្តមសេនីយ៍ទោ បានបន្ថែមថា ក្រុមការងារមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ បានប្រមូល គៀងគបានថវិកាបានជាង ៣៥លានរៀល ជាថវិកាដែលបានមកពីការចូលរួមពីនាយទាហាន នាយទាហាននៃកងរាជអាវុធហត្ថនៅទូទាំងប្រទេស ប្រគល់ជូនដល់លោកស្រី ឈុំ សុខណាង ភរិយាសពលោកអនុសេនីយ៍ឯក ហង្ស ដារា។ ra