កណ្តាល៖ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ លោក ឧត្តមសេនីយ៏ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្តខេត្តកណ្តាល បានដឹកនាំកម្លាំងមាន មេបញ្ជាការរង នាយ នាយរងអាវុធហត្ថខេត្តកណ្តាល អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធនិងរំលែកទុក្ខក្រុមគ្រួសារសពលោក អនុសេនីយ៍ឯក នាង ងិ អតីតជាមេបញ្ជការមូលដ្ឋានកងរាជអាវុធហត្ថស្រុកពញាឮ ទទួលមរណៈនៅល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ ដោយរោគាពាធ។
ក្រោយពីគោរពវិញ្ញាណក្ខន្ធនិងសំណេះសំណាលជាមួយគ្រួសារសព លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានផ្តល់នូវថវិកាចំនួន ៥លានរៀលដែលជាថវិកាសហសង្គ្រោះកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងថវិកាដែលចូលរួមពីសំណាក់នាយ នាយរងអាវុធហត្ថ ព្រមជាមួយថវិកាមេបញ្ជាការខេត្តផ្ទាល់ផងដែរសរុបចំនួន៣.៣០០.០០០រៀល។ លោក ឧត្តមសេនីយ៏ត្រី សំ តុលា បានឱ្យមានប្រសាសន៍ថា សកម្មភាពទាំងនេះគឺជាការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៏ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលតែងតែណែនាំដល់មេបញ្ជាការកងរាជអាវុធហត្ថរាជធានី ខេត្ត ឱ្យយកចិត្តទុកដាក់លើគោលនយោបាយដោះស្រាយការលំបាក ពលី មរណៈ របួស ពិការ ជំងឺ។ល។ ក្រៅពីថវិកាខាងលើ បណ្តាមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុកបានផ្តល់ថវិកាដល់គ្រួសារសព៖ ស្រុកពញាឮចំនួន៤០០ដុល្លារ ៨០ម៉ឺនរៀល និងអង្ករ១០០kg -ស្រុកស្អាង២០ម៉ឺនរៀល -ស្រុកអង្គស្នួល២៥ម៉ឺនរៀល -ក្រុងតាខ្មៅ៣០ដុល្លារនិងអង្ករ៥០kg -ស្រុកល្វាឯម៤០ម៉ឺនរៀល -ស្រុកខ្សាច់កណ្តាល៤០ម៉ឺនរៀល -នៅមានស្រុកមួយចំនួនទៀតនិងចូលរួមនៅព្រឹកស្អែកបន្តបន្ទាប់ទៀត។