ត្បូងឃ្មុំ៖ ថ្ងៃព្រហស្បតិ៍ ១១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានរៀបចំពិធីផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងប្រកាសផ្លាស់ប្តូរមុខងារ ជូននាយទាហាន នៃកងរាជអាវុធហត្ថ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីបណ្តារអស់លោកជាមេបញ្ជាការរង ថ្នាក់ដឹកនាំមន្ទីរ ការិយាល័យ មូលដ្ឋានក្រុង/ស្រុក ស្នាក់ការសន្តិសុខ និងនាយ-នាយរងអាវុធហត្ថជាច្រើនរូប។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានផ្តាំផ្ញើដល់គ្រប់បណ្តាមូលដ្ឋានស្រុក/ក្រុង និងស្នាក់ការសន្តិសុខ ការិយាល័យ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវតួនាទី ភារកិច្ច និងបទបញ្ញត្តិផ្សេងៗដែលថ្នាក់លើបានដាក់ចុះ ត្រូវគោរពវិន័យ និងបទបញ្ជាផ្ទៃក្នុង របស់កងរាជអាវុធហត្ថក៏ដូចជាលក្ខន្តិកៈរបស់កងយោធពលខេមរភូមិន្ទ ឱ្យបានដាច់ខាត គោរពច្បាប់ចរាចរណ៍ ពិសេសកម្លាំងអាវុធហត្ថទាំងអស់ ត្រូវធ្វើខ្លួនអោយសមស្របជាមន្ត្រីអនុវត្តច្បាប់ និង ហាមដាច់ខាតមិនឱ្យមានពាក់ព័ន្ធ នឹងបទល្មើសផ្សេងៗ៕