You are currently viewing បុរស៣នាក់ត្រូវបានចាប់ខ្លួនជា​បន្តបន្ទាប់​ពាក់ព័ន្ធ​អំពើសម្លាប់​មនុស្ស​ដោយសារគំនុំ​និង​ប្លន់យកទ្រព្យសម្បត្តិ

បុរស៣នាក់ត្រូវបានចាប់ខ្លួនជា​បន្តបន្ទាប់​ពាក់ព័ន្ធ​អំពើសម្លាប់​មនុស្ស​ដោយសារគំនុំ​និង​ប្លន់យកទ្រព្យសម្បត្តិ

ភ្នំពេញ៖ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោងប្រមាណ២០និង០០នាទី នៅចំណុចក្នុងឃ្លាំង ផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានអំពើឃាតកម្មមួយកើតឡើង។ លុះមកដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ កម្លាំងជំនាញ​កងរាជអាវុធហត្ថ​រាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវរកឃើញថា ជនសង្ស័យនិងបក្ខពួកបានគេចខ្លួនទៅខេត្តកណ្តាល កម្លាំងជំនាញបានទាក់ទង​សហការ​ជាមួយ​អាវុធហត្ថ​ផ្ទៃប្រទេសនិង ខេត្តកណ្ដាល ទើបដល់ម៉ោង២០និង០៥នាទី ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ កម្លាំងអាវុធហត្ថធ្វើការចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ឈ្មោះ ពង់ វុធ្ធី ហៅ បាប៊ូ (ជនដៃដល់) ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរដើរទិញអេតចាយ នៅចំណុច ភូមិព្រៃរកា ឃុំឆកឈើនាង ស្រុងអង្គស្នួល ខេត្តកណ្ដាល។ ជនសង្ស័យខាងលើនេះ បានសារភាពថា កន្លងមកខ្លួនធ្លាប់បានធ្វើសកម្មភាពលួចចំនួន៣លើក៖ ទី១៖ អំពើប៉ុនប៉ង​ឆក់ ១លើក នៅចំណុចចោមចៅ មិនបានសម្រេច, ទី២៖ អំពើលួចអាគុយ នៅចំណុចផ្លូវ៥៩៨, ទី៣៖ អំពើលួចម៉ូតូ នៅចំណុចភ្នំពេញថ្មី។ ក្រោយពីធ្វើការ​ស្តាប់ចម្លើយជនស្ស័យឈ្មោះ ពង់ វុធ្ធី បន្តមក កម្លាំងអាវុធហត្ថរាជធានី បានទាក់ទងសហការជាមួយនឹងអាវុធហត្ថខេត្តតាកែវ ស្រាវជ្រាវតាមចាប់ជនសង្ស័យដែលជា​បក្ខពួក២នាក់ទៀត​នៅចំណុច ភូមិអន្លុងទៀន ឃុំបុរីជលសារ ស្រុកបុរីជលសារ ខេត្តតាកែវ នៅវេលាម៉ោង៦​និង១៥នាទីព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦។ ជនសង្ស័យទាំងពីរ៖ ទី១-ឈ្មោះ យាំ ភឿន ជាសហចារី ភេទប្រុស អាយុ២៩ មុខរបរដើរទិញ​អេតចាយ ធ្លាប់ជាប់ពន្ធនាគារ១ដង ពីបទហិង្សាដោយចេតនា ក្នុងឆ្នាំ២០០៨ រយៈពេល៣ខែ នៅខេត្តតាកែវ និងទី២-ឈ្មោះ ជីន ភក្ដី ហៅ ត្រេន ជាអ្នកសមគំនិត អាយុ១៨ឆ្នាំ មុខរបរដើរទិញអេតចាយ។ ក្រោយពីបានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នោះរួចមក កម្លាំងអាវុធហត្ថ​ខេត្តកណ្ដាល និងខេត្តតាកែវ បានប្រគល់ឱ្យ កម្លាំងអាវុធហត្ថរាជធានី ដើម្បីអនុវត្តនីតិវិធីបន្ត។ មន្ត្រីអាវុធហត្ថរាជធានីភ្នំពេញបានប្រាប់ GRK News ឱ្យដឹងថា កម្លាំងជំនាញបាននឹងកំពុងតាមរកជនសង្ស័យម្នាក់ទៀតដែលជាអ្នកផ្តើមគំនិត ឈ្មោះ ចាន់ ប្រុសពេជ្រ ភេទប្រុស ដែលបានរត់គេចខ្លួន។

26333c0a57dfc60bc159659d42891189

75ac2c48551425e9ff1b705fd1c18b8a