You are currently viewing ឧត្តមសេនីយ៍ត្រី ជូ សារុន ផ្សព្វផ្សាយបទបញ្ជា និងឆ្លងរបាយការណ៏ត្រួតពិនិត្យអនុវត្ត តួនាទី ភារកិច្ចការងារកងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ត្រី ជូ សារុន ផ្សព្វផ្សាយបទបញ្ជា និងឆ្លងរបាយការណ៏ត្រួតពិនិត្យអនុវត្ត តួនាទី ភារកិច្ចការងារកងរាជអាវុធហត្ថ

កំពង់ស្ពឺ៖ ព្រឹកថ្ងៃសៅរ៍ ១៣កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានប្រជុំផ្សព្វផ្សាយបទបញ្ជា និងឆ្លងរបាយការណ៍ត្រួតពិនិត្យអនុវត្ត តួនាទីភារកិច្ចការងារកងរាជអាវុធហត្ថរយៈពេល៩ខែ និងលើកទិសដៅត្រីមាសទី៤ ឆ្នាំ២០១៨ ដោយដាក់ចេញផែនការការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ បុណ្យឯករាជ្យជាតិ បុណ្យកឋិនទាន ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការអញ្ជើញចូលរួមពីសំណាក់មេបញ្ជាការរង សេនាធិការដ្ឋាន ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការក្រុង-ស្រុក ប្រធានស្នាក់ការសន្តិសុខ និងកងអនុសេនាធំជាច្រើនរូប ។

លោកឧត្តមសេនីយ៍ត្រី ជូ សារុន មានប្រសាសន៍ថា៖ កម្លាំងកងរាជអាវុធហត្ថទាំងអស់ ត្រូវបង្កើនសមត្ថភាព ពង្រឹងគុណភាពវិន័យ និងចុះល្បាតតាមគោលដៅក្នុងមូលដ្ឋាន ដែលខ្លួនគ្រប់គ្រង ពិសេសកម្លាំង ត្រូវបែងចែក និងអនុវត្តការងារយ៉ាងមឺុងម៉ាត់ក្នុងកិច្ចការ ការពារប្រជាពលរដ្ឋ ក្នុងពិធីបុណ្យធំៗទៅតាមផែនការ ដើម្បីអោយប្រជាពលរដ្ឋកម្សាន្តសប្បាយនៅក្នុងពិធីនោះ។ បន្ថែមពីនេះ កម្លាំងត្រូវឃ្លាំមើលរាល់សកម្មភាពក្រុមទំនើង ក្រុមចោរលួច ចោរឆក់ ជាពិសេសក្រុមបង្ករចលនា ដែលធ្វើឲ្យសង្គមច្របូកច្របល់ ត្រូវតែបង្ក្រាបឲ្យខាងតែបាន៕