បន្ទាយមានជ័យ៖ នៅវេលាម៉ោង ១៨ និង ០០នាទី ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានបើកកិច្ចសហប្រតិបត្តិការស្រាវជ្រាវមុខសញ្ញាឆបោកប្រាក់ ដែលផ្ទេរប្រគល់ប្រាក់តាមរយៈវីងវេរលុយ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ នៅចំណុចភូមិត្រសេកជ្រុំ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ។
យោងតាមសំណើរបស់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ស្តីពីការសុំកិច្ចសហប្រតិបត្តិការរវាងកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី យូរ៉ា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តសៀមរាប ទទួលការងារយុត្តិធម៌ ជាមួយកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីចុះស្រាវជ្រាវរកមុខសញ្ញាឆបោក ដែលទទួលបានតម្រុយមុខសញ្ញាជនល្មើសស្ថិតនៅក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានឱ្យដឹងថា៖ ដោយទទួលបានបទបញ្ជា និងវិធានការពី លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ១៨ និង ០០នាទី លោកបានដឹកនាំកម្លាំងជំនាញសហការជាមួយកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប ចុះកិច្ចសហប្រតិបត្តិការស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យ នៅចំណុចវីងវេរលុយ ស្ថិតនៅភូមិកណ្តាល ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ(ដែលជាទីតាំងទទួលផ្ទេរប្រាក់ពីជនរងគ្រោះ) ។ តាមចម្លើយ និងភស្តុតាងក្រដាសវេរលុយ ពីម្ចាស់ទីតាំងវីងវេរលុយ កម្លាំងជំនាញអាចកំណត់មុខសញ្ញាជនសង្ស័យបានយ៉ាងជាក់លាក់ និងបានបើកកិច្ចសហប្រតិបត្តិការបន្ត រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ឈ្មោះ ហ៊ាង ស្រីនាង ភេទស្រី អាយុ ២៣ឆ្នាំ មុខរបរលក់ដូរ បច្ចុប្បន្នរស់នៅភូមិត្រសេកជ្រុំ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ និងវត្ថុតាងរួមមាន ៖ -ប្រាក់រៀលចំនួន ១.០០០.០០០រៀល ក្រដាសវីងទទួលលុយ ចំនួន ១.០០០.០០០រៀល (សរុបទឹកប្រាក់ទាំងអស់ចំនួន ២.០០០.០០០រៀល) -ទូរស័ព្ទចំនួន ០២គ្រឿង ។
បន្ទាប់ពីធ្វើការឃាត់ខ្លួន និងសាកសួរចម្លើយ ជនសង្ស័យបានសារភាពថា ៖ ខ្លួនធ្លាប់ជាប់ពន្ធនាគារ ០១លើករួចមកហើយពាក់ព័ន្ធករណីខាងលើខ្លួនពិតជាបានទទួល និងផ្ទេរប្រាក់ពីជនរងគ្រោះពិតប្រាកដមែន ចំនួន ២,០០០ ដុល្លារ សហរដ្ឋអាមេរិក តាមរយៈបុរសម្នាក់ដែលមានទំនាក់ទំនងគ្នាតាមទូរស័ព្ទ តែមិនស្គាល់មុខ ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានបញ្ជាក់ថា ៖ ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ និងយោងតាមរបាយការណ៍របស់កងរាជអាវុធហត្ថខេត្តសៀមរាប ឃើញមានតម្រុយពិរុទ្ធភាពនៃបទល្មើសយ៉ាងជាក់លាក់ ជនសង្ស័យខាងលើ ពិតជាបានប្រព្រឹត្តបទល្មើសឆបោក ។ បច្ចុប្បន្នកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ប្រគល់ឱ្យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធី ។