ភ្នំពេញ៖ រសៀលថ្ងៃព្រហស្បតិ៍ ៣រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី ម៉ុក សារឿន ស្នងការរង ស្នងការដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងជានាយររងការិយាល័យហិរញ្ញវត្ថុកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងលោក ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ នាយរងសេនាធិការ និងជានាយការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារជំនាញហិរញ្ញវត្ថុទូទាំងរាជធានី-ខេត្ត ប្រចាំខែកញ្ញា និងទិសដៅខែតុលា ឆ្នាំ២០១៨។ កិច្ចប្រជុំនេះមានការចូលរួមពីនាយ នាយរងការិយាល័យ ហិរញ្ញវត្ថុកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងនាយការិយាល័យហិរញ្ញវត្ថុតាមបណ្តារាជធានី-ខេត្ត ព្រមទាំងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។ នៅក្នុងឱកាសនោះដែរ លោកឧត្តមសេនី ក៏បានធ្វើការបូកសរុបការងារ និងផ្តាំផ្ញើដល់ជំនាញហិរញ្ញវត្ថុតាមបណ្តារាជធានី-ខេត្តទាំងអស់ ត្រូវពង្រឹងការបើកប្រាក់បៀវត្សន៍ដល់ដៃនាយ និងពលអាវុធហត្ថគ្រប់រូប ហាមកាត់លុយគ្រប់ប្រភេទ ហាមចងការលុយនៅតាមអង្គភាព និងហាមដាច់ខាតមិនឱ្យបើកជាកញ្ចប់ ជាពិសេសត្រូវមានសាមគ្គីភាពផ្ទៃក្នុង និងរក្សាឯកសារដែលមានការពាក់ព័ន្ធឱ្យបានគង់វង្ស។
