បន្ទាយមានជ័យ៖ នៅវេលាម៉ោង ២០ និង ៣០នាទី ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង ទទួលការងារប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណីជួញដូរសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០៥នាក់ នៅចំណុចផ្លូវលំចំនួន ០២គោលដៅ ស្ថិតនៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ក្នុងនោះជនសង្ស័យចំនួន ០២នាក់ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ឃាត់ខ្លួនបានភ្លាមៗនៅចំណុចផ្លូវលំមួយ ស្ថិតនៅសង្កាត់អូរអំបិល ក្រុងសេរីសោភ័ណមាន៖ ១. ឈ្មោះ នូវ សត្តវត្ស ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរកម្មករ បច្ចុប្បន្នរស់នៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ, ២. ឈ្មោះ គង់ ជូអ៊ី ភេទស្រី អាយុ ១៩ឆ្នាំ មុខរបរលក់អីវ៉ាន់តាមអនឡាញ បច្ចុប្បន្នរស់នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ រួមទាំងដកហូតបានវត្ថុតាងមាន៖ គ្រឿងញៀនមេតំហ្វេតាមីន(ម៉ាទឹកកក)ចំនួន ០៨កូនថង់កឹប ទម្ងន់ ៥.៤២ក្រាម, ម៉ូតូម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅចំនួន ០១គ្រឿង, ទូរស័ព្ទម៉ាក I-Phone ចំនួន ០២គ្រឿង, កាំបិតបត់ចំនួន ០១ដើម, ចិញ្ចៀនលោហធាតុពណ៌លឿងចំនួន ០២វង់, ចិញ្ចៀនលោហធាតុពណ៌សដាំត្បួងចំនួន ០១វង់, កាបូបចំនួន ០១ និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ បន្ទាប់ពីឃាត់ខ្លួន និងទទួលបានចម្លើយសារភាពរបស់ជនសង្ស័យខាងលើ កម្លាំងជំនាញ ក៏បន្តស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ទៀត នៅវេលាម៉ោងប្រមាណ ២១ និង ៤៥នាទី ថ្ងៃ.ខែ.ឆ្នាំដដែល ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណមាន៖ ១. ឈ្មោះ វ៉ាន់ ហេង ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរធ្វើស្រែ បច្ចុប្បន្នរស់នៅភូមិព្រហ៊ូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ, ២. ឈ្មោះ ឃុន អ៊ឹងធានី ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរគ្មាន បច្ចុប្បន្នរស់នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ និង៣. ឈ្មោះ គិ ចំណាន ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរជាងឈើ បច្ចុប្បន្នរស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ រួមទាំងដកហូតបានវត្ថុតាងមាន៖ គ្រឿងញៀនមេតំហ្វេតាមីន(ម៉ាទឹកកក)ចំនួន ០៤កូនថង់កឹប ទម្ងន់ ១.៥៦ក្រាម, ជញ្ចីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០១, ម៉ូតូម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅមួយគ្រឿង, ទូរស័ព្ទចំនួន ០៣គ្រឿង, ខ្សែកលោហធាតុពណ៌លឿងចំនួន ០១ខ្សែ, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ០១សន្លឹក, កាបូបចំនួន ០១, កូនថង់ជាប់កំទេចគ្រឿងញៀនចំនួន ០១។
ក្រោយពីសាកសួរជនសង្ស័យទាំង០៣នាក់ ពួកគេ សារភាពថា៖ បានទិញពីឈ្មោះ នូ សត្តវត្ស ដើម្បីយកមកចែកចាយបន្ត ហើយនៅសល់តិចតួចប្រើប្រាស់ខ្លួនឯង។
បច្ចុប្បន្នជនសង្ស័យទាំង ០៥នាក់ និងវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី ។
