ស្វាយរៀង៖ ព្រឹកថ្ងៃសៅរ៍ ៥រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ដែលជាថ្ងៃកាន់បិណ្ឌទី៥ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកជំទាវ ស្រី ហ៊ាញ ព្រមទាំងកូនប្រុសស្រីចៅ ជាមួយនឹងលោកឧត្តមសេនីយ៍ស្នងការ ស្នងការរង មេបញ្ជាការ មេបញ្ជាការរងកងរាជអាវុធហត្ថតាមបណ្តារាជធានី-ខេត្ត និងពុទ្ធបរិស័ទចំណុះជើងវត្ត បានអញ្ជើញកាន់បិណ្ឌទី៥ស្ថិតនៅវត្តអង្គស្វាយ (ហៅវត្តស្វាយរំពារ) ស្ថិតនៅភូមិកក់ និងវត្តពោធិ៍ទន្ទឹម (ហៅវត្តកក់) ស្ថិននៅភូមិអង្ក្រង ក្នុងឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
នៅក្នុងឱកាសចូលរួមពិធីបុណ្យកាន់បិណ្ឌនោះដែរ! លោកនាយឧត្តមសេនីយ៍ និងលោកជំទាវ បានវេចង្ហាន់ និងទេយ្យវត្ថុប្រគេនបច្ច័យក្នុងមួយវត្តចំនួនៈ ២,០០០,០០០៛ (ពីលានរៀល) និងជូនតាជី យាយជីក្នុងម្នាក់ៗទទួលបានចំនួន ២០.០០០៛(ពីម៉ឺនរៀល) ព្រមទាំងកម្លាំងសម្ថកិច្ចការពារសន្តិសុខ,ប្រជាការពារៈ៥០០,០០០៛ (ហាសិបម៉ឺនរៀល) នគរបាលទទួលបានៈ ៥០០,០០០៛ (ហាសិបម៉ឺនរៀល) កងរាជអាវុធហត្ថ ៥០០,០០០៛ (ហាសិបម៉ឺនរៀល) ហើយកុមារា កុមារីក្នុងម្នាក់ៗ ទទួលបាន ៥,០០០៛ផងដែរ៕