ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ៨រោច ខែភទ្របទ ឆ្នាំច សំរឹទិ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ គណៈប្រតិភូកងរាជអាវុធហត្ថនៅទូទាំងប្រទេស ដឹកនាំដោយ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម នៃ ប៉េណា អនុប្រធានទី១ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងចូលរួមរំលែកទុក្ខ ដោយមនោសញ្ចេតនាដ៏សែនក្រៀមក្រំជាទីបំផុតជាមួយគ្រួសារសព។
ឯកឧត្តម នៃ ប៉េណា បានទទួលមរណភាពនាថ្ងៃសៅរ៍ ៥រោច ខែភទ្របទ ឆ្នាំច សំរឹទិ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ១៣:០០នាទីរសៀល ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយរោគាពាធ។ សពឯកឧត្តម នៃ ប៉េណា ត្រូវបានតម្កល់ទធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីជាតិ នៅផ្ទះលេខ៣៩១ ផ្លូវប៉ូឡារីស ច្រកទ្វារទីII បុរីប៉េងហួត (បឹងស្នោ) សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាធានីភ្នំពេញ៕