You are currently viewing ឧត្ដមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញចូលរួមកាន់បិណ្ឌវេនទី១០ នៅវត្តកុឌ្ឌបុព្វតាភ្នំជញ្ជាំង

ឧត្ដមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញចូលរួមកាន់បិណ្ឌវេនទី១០ នៅវត្តកុឌ្ឌបុព្វតាភ្នំជញ្ជាំង

បន្ទាយមានជ័យ៖ លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមន្រ្តីក្រោមឱវាទ បានអញ្ជើញចូលរួមសូត្រមន្ត ក្នុងពិធីកាន់បិណ្ឌលើកទី៣ វេនទី១០ នៅវត្តកុឌ្ឌបុព្វតាភ្នំជញ្ជាំង ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លាលា ក្រុងសិរីសោភ័ណ នារសៀល ថ្ងៃព្រហស្បត្តិ ១០រោច ខែភទ្របទ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ នៅវេលាម៉ោង ០៤ និង២៥នាទី ទៀបភ្លឺ បានធ្វើពិធីសូត្រមន្តបោះបាយបិណ្ឌ ឧទ្ទិសកុសលដល់ពពួកប្រេតទាំងឡាយ និងពិធីសូត្រមន្ត រាប់បាត្រ វេរចង្ហាន់ នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ ។
ក្នុងពិធីនោះផងដែរក៏មានការអញ្ជើញចូលរួមពីសំណាក់មេបញ្ជាការរង នាយទាហាន នាយទាហានរង ពលទាហាននៃកងរាជអាវុធហត្ថ និងពុទ្ធបរិស័ទ បានបូជាទៀនធូបផា្កភ្ញីចំពោះ ព្រះរតនត្រៃសមាទានសីល ធ្វើកិច្ចនមស្សការបង្សុកូល ព្រមទាំងបាននាំយកនូវបច្ច័យ ទេយ្យទាន គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ផ្លែឈើ បាយសម្លរ នំចំណី ជាច្រើនមុខទៅវេរប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសនូវផល្លារអានិសង្ឃជូនទៅដល់វិញ្ញានក្ខន្ធបុព្វការីជន មានមាតាបិតា ជីដូនជីតា ញាតិការទាំង៧សណ្ដាន ពិសេសដើម្បីឧទ្ទិសដល់ដួងវិញានក្ខន្ធ របស់ឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់អាយុជីវិត ដើម្បីបុព្វហេតុរំដោះជាតិ និងប្រជាជន ពីរបបណានិគមចាស់ថ្មី និងពីរបបប្រល័យពូជសាសន៍ ប៉ុលពត ហើយជាពិសេសជាងនេះទៅទៀត គឺប្រជាជនស្លូតត្រង់ ដែលទទួលទុក្ខទារុណកម្មយ៉ាងព្រៃផ្សៃ និងស្លាប់យ៉ាងអយុត្តិធម៌ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដោយសូមឲ្យដួងវិញាណក្ខន្ធអ្នកទាំងអស់ឲ្យបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។ ក្រោយពីបញ្ចប់នៃកម្មពិធីបុណ្យលោកឧត្ដមសេនីយ៍ត្រីមេបញ្ជាការនិងសហការីបានប្រគេនបច្ច័យសម្រាប់កសាងវត្តចំនួន ៣០,០០០,០០០រៀល(សាមសិបលានរៀល) ប្រគេនបច្ច័យព្រះសង្ឃ ២១អង្គ ក្នុង ០១អង្គ ២០០,០០០រៀល ស្មើ ៤,២០០,០០០រៀល ប្រគេនបច្ច័យព្រះសង្ឃសំដែងធម៌ទេសនា ៨០០,០០០រៀល ឧបត្ថម្ភយាយជី-តាជី ចំនួន ៦៨នាក់ ក្នុងម្នាក់ ២០,០០០រៀល ស្មើទឹកប្រាក់ ១,៣៦០,០០០រៀល ជូនប្រជាការពារ ចំនួន ០៥នាក់ ក្នុងម្នាក់ ៥០,០០០រៀល ស្មើទឹកប្រាក់ ២៥០,០០០រៀល ឧបត្ថម្ភកុមារា-កុមារី ចំនួន ២៨នាក់ ក្នុងម្នាក់ ៥,០០០រៀល ស្មើទឹកប្រាក់ ១៤០០,០០០រៀលផងដែរ ៕