You are currently viewing ផ្លូវល្អទាន់ពេលរដូវធ្វើបុណ្យ ពលរដ្ឋញញឹមពេញចិត្តគ្រប់គ្នា

ផ្លូវល្អទាន់ពេលរដូវធ្វើបុណ្យ ពលរដ្ឋញញឹមពេញចិត្តគ្រប់គ្នា

ភ្នំពេញ៖ រដូវវស្សាឈានចូលមកដល់ផ្លូវថ្នល់មួយចំនួនត្រូវរងការខូចខាត ជាការរំខានដល់ការធ្វើដំណើររបស់ពលរដ្ឋ។ ដូចគ្នាផងដែរ កំណាត់ផ្លូវមួយខ្សែ ស្ថិតក្នុងភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ប្រវែង២,០០០ម៉ែត្រ(២គីឡូម៉ែត្រ) តភ្ជាប់ពីផ្លូវជាតិលេខ២ ច្រកចូលក្លោងទ្វារវត្ត កែវមុនី រហូតដល់ព្រំប្រទល់ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក៏បានរងផលប៉ះពាល់ ព្រោះការប្រែប្រួលនៃធម្មជាតិ ធ្វើឲ្យអ្នកភូមិមានការលំបាកក្នុងការធ្វើដំណើរទៅមកប្រចាំថ្ងៃ ជាពិសេស ពួកគាត់បារម្ភពីការធ្វើដំណើរទៅវត្ត ក្នុងរដូវកាលធ្វើបុណ្យកាន់បិណ្ឌនិងភ្ជំបិណ្ឌ ទើបព្រះចៅអធិការវត្តកែវមុនី រួមជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានធ្វើការបិណ្ឌបាត្រ និងស្នើសុំ ឯកឧត្តម រ័ត្ន ស្រ៊ាង ឲ្យជួយធ្វើការឈូសឆាយ ចាក់ថ្មមិច កៀរកិនបង្ហាប់ ផ្លូវមួយខ្សែនេះឲ្យបានរួសរាន់ទាន់រដូវបុណ្យទានជូនពួកគាត់។
ឯកឧត្តម រ័ត្ន ស្រ៊ាង បានទទួលនូវសំណូមពររបស់ព្រះចៅអធិការ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយមិនមានការស្ទាក់ស្ទើរ និងប្រញ៉ាប់ប្រញ៉ាល់ ចាត់ក្រុមការងារចុះអនុវត្តដោយមិនបង្អែបង្អង់ រហូតរួចរាល់ជាស្ថាពរ ស្របតាមការស្នើសុំ។
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម រ័ត្ន ស៊្រាង អមដំណើរដោយសមាជិកក្រុមការងារ លោក លោកស្រី បានចុះត្រួតពិនិត្យផ្លូវក្រាលថ្មមិច ដែលទើបរួចរាល់ជាស្ថាពរ ទទួលបានការសាទរពីប្រជាពលរដ្ឋរស់នៅអាស្រ័យតាមដងផ្លូវ ដោយទឹកចិត្តសប្បាយរីករាយ ញញឹមពេញចិត្តកក់ក្តៅនិងស្និតស្នាលបំផុត ព្រោះតែឯកឧត្តម រ័ត្ន ស្រ៊ាង បានជួយសម្រួលផ្លូវនេះទាន់រដូវភ្ជំបិណ្ឌ ងាយស្រួលដល់ពួកគាត់ បានធ្វើដំណើរទៅទីវត្តអារាម ធ្វើបុណ្យតាមទំនៀមទំលាប់ប្រពៃណីជាតិខ្មែរដោយទឹកចិត្តជ្រះថ្លា ។

ជាមួយគ្នានោះ ឯកឧត្តម រ័ត្ន ស្រ៊ាង បាននាំយកនំបុ័ងចំនួន ៥០០ដើម,ការ៉េម ៥០០ដើម និងទឹកដោះគោបឺត ៥០០កំប៉ុង ចែកជូនដល់ កុមារា កុមារី ប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលមានវត្តមានតាមបណ្តោយផ្លូវរហូតដល់ក្នុងវត្តកែវមុនី និងបាននាំយកទេយ្យវត្ថុប្រគេនព្រះចៅអធិការវត្ត រួមមាន : ថវិកាចំនួន ២,០០០,០០០រៀល(ពីរលានរៀល), ទឹកបរិសុទ្ធ ០៦កេស, អង្ករ ០៦ការ៉ុង, ទឹកផ្លែឈើ ០៦កេស, ទឹកក្រូចដប ០៦កេស, ទឹកដោះគោបឺត ០៦កេស, មីកញ្ចប់ ០៦កេស
ព្រមទាំងបានជូនថវិកាដល់ដូនជី តាជី និងពុទ្ធបរិស័ទ្ធដែលបានអញ្ជើញមកជួបជុំក្នុងទីធម្មសាលាវត្ត កែវមុនី យ៉ាងច្រើនកុះករផងដែរ ។