ភ្នំពេញ៖ រសៀលថ្ងៃសុក្រ ១១រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើពិធីបិទវគ្គបំប៉នជំនាញការងារព្រហ្មទណ្ឌឆ្នាំ២០១៨។ កម្មវិធីបិទវគ្គនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី គង់ សត្ថារិន ស្នងការរង ស្នងការដ្ឋានយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ សៀ សម្បត្តិ ស្នងការ ស្នងការដ្ឋានយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកនាយការិយាល័យ និងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធការងារព្រហ្មទណ្ឌចំណុះស្នងការដ្ឋានយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេសជាច្រើនរូបទៀត។
កញ្ញាវរសេនីយ៍ត្រី សុខ ស្រីមុំ នាយរងការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានឱ្យដឹងថា៖ វគ្គបំប៉នជំនាញការងារព្រហ្មទណ្ឌ ឆ្នាំ២០១៨នេះ កាមដែលជានាយទាហាននៃកងរាជអាវុធហត្ថ ចំណុះបញ្ជាការដ្នានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមកពីបញ្ជាការដ្នានកងរាជអាវុធហត្ថរាជធានី ខេត្តចំនួនសរុប ៨៥នាក់ មានមុខងារជានាយការិយាល័យបទល្មើសព្រហ្មទណ្ឌ នាយការិយាល័យផែនការ និងនាយការិយាល័យបទល្មើសយោធា ដោយសិក្សារយៈពេល០៥ថ្ងៃ។កន្លងទៅនេះ សិក្ខាកាមទាំងអស់បានយកចិត្តទុកដាក់ ក្នុងការគោរពបទបញ្ជាផ្ទៃក្នុង ក៏ដូចជាបទបញ្ជារបស់មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានខ្ជាប់ខ្ជួន ជាពិសេសបានយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងរៀនសូត្រ ហ៊ានសួរដេញដោល និងស្តាប់ការពន្យល់បកស្រាយរបស់លោកគ្រូឧទ្ទេសនាម ធ្វើឱ្យសិក្ខាកាមទាំងអស់ទទួលបាននូវលទ្ធផលល្អប្រសើរ។ ក្រោយពីបានស្តាប់របាយការណ៍បិទវគ្គសិក្សារួចមក លោក ឧត្តមសេនីយ៍ត្រី គង់ សត្ថារិន បានមានប្រសាសន៍ផ្តាំផ្ញើ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលវគ្គសិក្សានេះ ប្រកបដោយការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ក្នុងការរៀនសូត្ររហូតបានទទួលលទ្ធផលល្អប្រសើរបែបនេះ។ ឧត្តមសេនីយ៍ បានបន្តទៀតថា៖ ជោគជ័យដែលសិក្ខាកាមទទួលបាននៅថ្ងៃនេះ និងការរៀនសូត្រផ្នែកទ្រឹស្តី ទទួលបានបទពិសោធន៍ពី លោកគ្រូកន្លងទៅ ត្រូវយកលទ្ធផលនៃចំណេះដឹងដែលខ្លួនបានរៀនសូត្រ ទៅបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋដោយគោរពច្បាប់ក្រមសីលធម៌វិជ្ជាជីវៈ និងគោរពសិទ្ធិមនុស្សឱ្យបានត្រឹមត្រូវ ព្រមទាំងរក្សាបាននូវភាពថ្លៃថ្លូរ សក្តិសមជាមន្ត្រីប្រតិបត្តិច្បាប់នៃកងរាជអាវុធហត្ថ។ មិនតែប៉ុណ្ណោះនៅពេលអស់លោកត្រឡប់ទៅអង្គភាពវិញ ត្រូវបង្ហាញនូវភាពស្មោះត្រង់ មិនលំអៀង ដើម្បីទទួលបាននូវការស្រឡាញ់ពីប្រជាពលរដ្ឋ ពីមហាជនមកដល់អង្គភាពកងរាជអាវុធហត្ថ ហើយត្រូវបង្ហាញឱ្យសាធារណៈជនទាំងអស់ គេបានមើលមកយើងជាកងរាជអាវុធហត្ថត្រឹមត្រូវ មានភាពស្អាតស្អំ និងមានការទំនាក់ទំនងល្អជាមួយស្ថាប័នផ្សេងៗទៀត។