កណ្តាល៖ ព្រឹកថ្ងៃចន្ទ ១៤រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាល បានរៀបចំពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចនិងការងារកងរាជអាវុធហត្ថរយៈពេល ៩ខែ និងទិសដៅត្រីមាសទី៤ ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល និងមានការអញ្ជើញចូលរួម ពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក និងនាយ នាយរងអាវុធហត្ថខេត្តចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាលជាច្រើនរូបទៀត។
បន្ទាប់ពី បានស្តាប់របាយការណ៍លទ្ធផលការងារយរៈពេល ៩ខែ រួចមក លោកមេបញ្ជាការក្រុង/ស្រុក ប្រធាមន្ទី នាយរងសេនាធិការ និងលោកមេបញ្ជាកររង បានឡើងធ្វើចំណាប់អារម្មណ៍ និងដកស្រង់បទពិសោធន៍នូវកិច្ចការងារមួយចំនួន រួចមក លោក ឧត្តមសេនីយ៍ត្រី សំ តុលា បានមានប្រសាសន៍វាយតម្លៃខ្ពស់ ដល់មេបញ្ជាការទទួលខុសត្រូវគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់គោរពតាមបទបញ្ជា គោរពតួនាទីភារកិច្ច គោរពតាមការចាត់តាំង យកអស់កម្លាំងកាយចិត្ត រក្សាការពារសន្តិសុខសណ្តាប់ធ្នាប់សង្គមបានយ៉ាងល្អប្រសើរ និងយកចិត្តទុកដាក់ថែរក្សាមធ្យោបាយឧបករណ៍ សម្ភារៈគ្រឿងបំពាក់ ។ ការប្រជុំនាពេលនេះ ជាការត្រួតពិនិត្យការងាររយៈ ៩ខែ និងធ្វើការបូកសរុបប្រចាំឆ្នាំ ដើម្បីឱ្យដឹងថា ឆ្នាំ២០១៨កន្លងមកនេះ កងរាជអាវុធហត្ថធ្វើបានកិច្ចការងារអ្វីខ្លះ ហើយកិច្ចការងារអ្វីខ្លះដែលកងរាជអាវុធហត្ថធ្វើមិនទាន់បាន ហើយនិងរកពីមូលហេតុ ដើម្បីដាក់ចេញនូវទិសដៅភារកិច្ចបន្តសម្រាប់ឆ្នាំ២០១៩។ លោកឧត្តមសេនីយ៍បានបន្តថា អាវុធហត្ថត្រូវធ្វើជាគំរូល្អ ទាំងវិន័យ ការស្លៀកពាក់ ក្រមសីលធម៌ គោរពច្បាប់ គោរពបទបញ្ជា ពង្រឹងគ្រប់ជំនាញ គ្រប់ផ្នែកទាំងអស់ និងប្រើប្រាស់តាមជំនាញដែលបានបណ្តុះបណ្តាល លើកទឹកចិត្តឱ្យធ្វើការងារ ឱ្យបានច្បាស់លាស់។
ក្នុងនោះផងដែរ លោកឧត្តមសេនីយ៍ត្រី សូមកោតសរសើរដល់នាយ នាយរងអាវុធហត្ថខេត្តកណ្តាលទាំងអស់ ដែលបានខិតខំបំពេញតួនាទីភារកិច្ចមិនខ្លាចនឿងហត់ ក្នុងការចូលរួមចំណែកការពារសន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ ដើម្បីបម្រើសេចក្តីសុខជូនប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល។
លោកឧត្តមសេនីយ៍បានបន្តថា មេបញ្ជាការមូលដ្ឋានក្រុងស្រុកទាំងអស់ ត្រូវតាមដានសភាពការសន្តិសុខ និងបទល្មើសទាំងឡាយណាដែលកើតមានឡើងនៅក្នុងក្នុងមូលដ្ឋានរបស់ខ្លួន និងស្រាវជ្រាវបង្ក្រាបឱ្យខានតែបាន និងត្រូវបំពេញការងារប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ គោរពច្បាប់ គោរពសិទ្ធមនុស្ស ហាមប្រាស់ចាកពីវិន័យ ត្រូវគោរពបទបញ្ជាផ្ទៃក្នុងរបស់កងរាជអាវុធហត្ថ និងត្រូវតម្រង់ទិសដៅ ការប្រើប្រាស់បណ្តាញសង្គមហ្វេសបុកឱ្យបានសមស្រប និងមានប្រយោជន៍ដល់សង្គមជាតិ ។
ជាមួយគ្នានេះ ត្រូវយកចិត្តទុកដាក់ពង្រឹងសាមគ្គីពង្រឹងឯកភាពផ្ទៃក្នុងកងរាជអាវុធហត្ថ អនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត នូវបទបញ្ជារបស់មេបញ្ជាការ និងបទបញ្ជាតាមឋានានុក្រមក្នុងកងយោធពលខេមភូមិន្ទ ត្រូវតម្កល់ផលប្រយោជន៍ជាតិខ្ពស់ជាងអ្វីៗទាំងអស់ ។ សូមអស់លោកធ្វើខ្លួនឱ្យក្លាយជាបុគ្គលគំរូក្នុងការប្រតិបត្តិច្បាប់ គោរពវិន័យ បទបញ្ជា មានឆន្ទៈ ស្មោះត្រង់ មានសេចក្តីក្លាហាន មានកិច្ចសហប្រតិបត្តិការល្អជាមួយគ្រប់ស្ថាប័នមានសមត្ថកិច្ច អាជ្ញាធដែនដី និងត្រូវធ្វើខ្លួនជាកម្លាំងសង្គ្រោះ និងបម្រើប្រជាពលរដ្ឋ ដើម្បីឱ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ និងជឿជាក់កាន់តែខ្លាំងថែមទៀត មកលើកម្លាំងកងរាជអាវុធហត្ថរបស់យើង។