You are currently viewing ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត ជាអធិបតីក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច រយៈពេល ៩ខែ

ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត ជាអធិបតីក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច រយៈពេល ៩ខែ

សៀមរាប៖ ព្រឹកថ្ងៃសុក្រ ៣កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប បានរៀបចំពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចការងារកងរាជអាវុធហត្ថរយៈពេល ៩ខែ និងទិសដៅត្រីមាសទី៤ ឆ្នាំ២០១៨ និងប្រកាសផ្លាស់ប្តូរមុខងារ និងបំពាក់ឋានន្តរសក្តិ ជូនដល់នាយទាហាននៃកងរាជអាវុធហត្ថ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប។

ពិធីនេះ មានការអញ្ជើញចូលរួម ពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង/ស្រុក និងនាយ នាយរងអាវុធហត្ថចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាបជាច្រើនរូបទៀត។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ដល់មេបញ្ជាការទទួលខុសត្រូវគ្រប់លំដាប់ថ្នាក់ ព្រមទាំងនាយ នាយរងអាវុធហត្ថខេត្តសៀមរាបទាំងអស់ ដែលបានយកចិត្តទុកដាក់គោរពតាមបទបញ្ជា គោរពតួនាទី ភារកិច្ច គោរពតាមការចាត់តាំង យកអស់កម្លាំងកាយចិត្ត រក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងសង្គមជាតិបានយ៉ាងល្អប្រសើរ ពិសេសយកចិត្តទុកដាក់ថែរក្សាមធ្យោបាយឧបករណ៍សម្ភារៈគ្រឿងបំពាក់។

លោកឧត្តមសេនីយ៍ត្រី បានបន្តថា៖ កងអាវុធហត្ថទាំងអស់ ត្រូវបន្តទិសដៅទៅមុខទៀត ថាតើបានធ្វើកិច្ចការងារអ្វីខ្លះ ហើយកិច្ចការងារអ្វីខ្លះដែលកងរាជអាវុធហត្ថធ្វើមិនទាន់បាន ដើម្បីរកមូលហេតុ ក្នុងការដាក់ចេញនូវទិសដៅភារកិច្ចបន្តសម្រាប់ឆ្នាំ២០១៩ ខាងមុខ។

បន្ថែមពីនេះ លោកឧត្តមសេនីយ៍ ក៏បានជំរុញដល់មេបញ្ជាការមូលដ្ឋានក្រុង/ស្រុក ត្រូវតាមដានសភាពការណ៍សន្តិសុខ និងបទល្មើសទាំងឡាយណាដែលកើតមានឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន និងស្រាវជ្រាវបង្ក្រាបឱ្យខានតែបាន ជាពិសេសត្រូវយកចិត្តទុកដាក់ពង្រឹងសាមគ្គី ពង្រឹងឯកភាពផ្ទៃក្នុងកងរាជអាវុធហត្ថ អនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត គោរពតាមបទបញ្ជារបស់មេបញ្ជាការ និងបទបញ្ជាតាមឋានានុក្រម ក្នុងកងយោធពលខេមភូមិន្ទ ត្រូវតម្កល់ផលប្រយោជន៍ជាតិខ្ពស់ជាងអ្វីៗទាំងអស់។ ម្យ៉ាងទៀតត្រូវធ្វើជាគំរូល្អទាំងវិន័យ ការស្លៀកពាក់ ក្រមសីលធម៌ គោរពច្បាប់ គោរពបទបញ្ជា ពង្រឹងគ្រប់ជំនាញ គ្រប់ផ្នែកទាំងអស់ និងប្រើប្រាស់តាមជំនាញដែលបានបណ្តុះបណ្តាល ដើម្បីបំពេញការងារអោយបានច្បាស់លាស់ ពិសេសត្រូវតម្រង់ទិសដៅការប្រើប្រាស់បណ្តាញសង្គមហ្វេសបុកឱ្យបានសមស្រប និងមានប្រយោជន៍ដល់សង្គមជាតិ និងមានកិច្ចសហប្រតិបត្តិការល្អ ជាមួយគ្រប់ស្ថាប័នមានសមត្ថកិច្ច អាជ្ញាធរដែនដី ដោយត្រូវធ្វើខ្លួនជាកម្លាំងសង្គ្រោះ និងបម្រើប្រជាពលរដ្ឋ ដើម្បីឱ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ និងជឿជាក់កាន់តែខ្លាំងថែមទៀត មកលើកម្លាំងកងរាជអាវុធហត្ថ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។