You are currently viewing កងរាជអាវុធហត្ថខេត្តកណ្តាលផ្តល់ឈាម ជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម

កងរាជអាវុធហត្ថខេត្តកណ្តាលផ្តល់ឈាម ជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម

កណ្តាល៖ នៅព្រឹកព្រហស្បតិ៍ ៩កើត ខែអស្សុច ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយសហភាព សហព័ន្ធយុវជនកម្ពុជាខេត្តកណ្តាល និង មជ្ឈមណ្ឌលជាតិផ្តល់ឈាមបានរៀបចំពិធីផ្តល់ឈាម ដើម្បីជួយជីវិតជនរងគ្រោះដែលត្រូវការឈាមចាំបាច់ ។
ពិធីនេះមានការអញ្ជើញពី លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល ឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្តកណ្តាល និងជាប្រធានសហភាព សហព័ន្ធយុវជនកម្ពុជាខេត្តកណ្តាល និងសហការជាមួយសភាពាណិជ្ជកម្មដឹកនាំដោយឯកឧត្តម សុខ ស្រស់ និងប្រជាពលរដ្ឋ ព្រមទាំង នាយទាហាន នាយរងទាហាន នៃកងរាជអាវុធហត្ថចំណុះឱ្យបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល សរុបជាង ១៨០ នាក់។
នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានលើកឡើងថា៖ អនុវត្តន៍តាមភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ បង្ការ បង្ក្រាប និង សង្គ្រោះ ដែលជាយន្តកាដឹកនាំដ៏មានប្រសិទ្ធិភាពរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើឱ្យនាយ នាយរង នៃកងរាជអាវុធហត្ថខេត្តកណ្តាលទាំងអស់ បានយកអស់ស្មារតីអនុវត្តតួនាទីភារកិច្ច និងមានការទទួលខុសត្រូវខ្ពស់ជាពិសេសកម្លាំងកងរាជអាវុធហត្ថបានត្រៀមរួចជាស្រេចដើម្បីជួយដល់ប្រជាពលរដ្ឋដែលកំពុងខ្វះឈាម និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ។
លោកមេបញ្ជាការ បានសង្កត់ធ្ងន់ថា កងរាជអាវុធហត្ថខេត្តកណ្តាលបានធ្វើជាគំរូល្អ និងមានស្នាដៃកិត្តិយសកេរ្ត៍ឈ្មោះល្អ នេះដោយមានការដឹកនាំចង្អុលបង្ហាញពីលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឱ្យយកចិត្តទុកដាក់ឈរលើការគោរពបទបញ្ជា ការគោរពវិន័យ សាមគ្គី ឯកភាពផ្ទៃក្នុង គោរពតាមឋានានុក្រម ពិសេសមានឆន្ទៈក្នុងការការពារនិងបំរើប្រជាជន។
ជាមួយនោះផងដែរ កងរាជអាវុធហត្ថក៏មានតួនាទីយ៉ាងសំខាន់សម្រាប់ជួយដល់សង្គមទាំងមូល ក្នុងការថែរក្សាការពារ ពង្រឹងសន្តិសុខ ស្ថិរភាពនយោបាយ និងរក្សាសណ្តាប់ធ្នាប់សាធារណៈ ហើយមកដល់បច្ចុប្បន្ននេះ កងរាជអាវុធហត្ថខេត្តកណ្តាលបានបង្កើតនូវសមិទ្ធផលជាច្រើន សម្រាប់អង្គភាពជាពិសេសក្រៅពីការងារស្នូល កងរាជអាវុធហត្ថខេត្តបានចូលរួមសហការ និងចុះជួយដល់ប្រជាពលរដ្ឋគ្រប់ពេលវេលា នៅពេលដែលប្រជាពលរដ្ឋមានតម្រូវការ ។
សូមបញ្ជាក់ថាក្នុងពេលកំពុងធ្វើការផ្តល់ឈាមនេះផងដែរលោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុមន្ទីរ មេបញ្ជាការ មេបញ្ជាការរង ក្រុងស្រុក ទាំង១១ នាយ នាយរងអាវុធហត្ថទាំងអស់ បានចូលរួមស្តាប់អនុសាសន៍សំខាន់ៗ របស់លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល ដែលបានផ្តល់កម្លាំងចិត្តដល់បងប្អូន ចូលរួមដោយផ្ទាល់ក្នុងការផ្តល់ឈាមសម្រាប់ បម្រើឱ្យជនរួមជាតិដែលមានតំរូវការឈាមដើម្បីជួយសង្គ្រោះជីវិតមនុស្សនាពេលបច្ចុប្បន្ន និងទៅអនាគត ជាពិសេសលោក មេបញ្ជាការ បានចូលរួមផ្តល់ឈាមមុនគេ ដើម្បីធ្វើជាគំរូជូនដល់កងកម្លាំងចូលរួមទាំងអស់ ។