You are currently viewing ឧត្តមសេនីយ៍ត្រី ជូ សារុន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច រយៈពេល ៩ខែ

ឧត្តមសេនីយ៍ត្រី ជូ សារុន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច រយៈពេល ៩ខែ

កំពង់ស្ពឺ៖ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថរយៈពេល ៩ខែ និងទិសដៅ ត្រីមាសទី៤ ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ដោយមានការចូលរួមពី មេបញ្ជាការរង សេនាធិការដ្ឋាន ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការក្រុង-ស្រុក ប្រធានស្នាក់ការ ព្រមទាំងនាយទាហាន នាយទាហានរងចំណុះបញ្ជាការដ្ឋានទាំងអស់ ដោយមានការបញ្ចាំងស្លាយអំពីសកម្មភាពការងារ បង្ការ បង្ក្រាប សង្គ្រោះ ទាំង០៩ខែកន្លងមក ។
លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានអនុញ្ញាតិឲ្យមេបញ្ជាការក្រុង-ស្រុក ប្រធានស្នាក់ការឡើងមានមតិអំពីកិច្ចការដឹកនាំរបស់អង្គភាពនីមួយៗ កន្លងមក នូវអ្វីដែលអនុវត្តបាន និងការអនុវត្តមិនបានដោយមូលហេតុអ្វី និងការសុំណូមពរមកកាន់បញ្ជាការដ្ឋានដើម្បីជួយដោះស្រាយ ។
បន្ទាប់ពីបានស្តាប់ការលើកឡើងតាមបណ្តាមូលដ្ឋានក្រុង-ស្រុក និងប្រធានស្នាក់ការសន្តិសុខ លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានមានប្រសាសន៍ថា ចំណុចដែលនៅខ្វះខាត និងបទល្មើសដែលនៅមិនទាន់បង្ក្រាបបានត្រូវបន្តយកចិត្តទុកដាក់តាមដានស្រាវជ្រាវ រាល់ព័ត៌មានដែលទាក់ទងទៅសន្តិសុខ សណ្តាប់ធ្នាប់សង្គម ដែលបង្ករការភ័យខ្លាចដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។
លោកឧត្តមសេនីយ៍ត្រីបានសង្កត់ធ្ងន់ថា ក្នុងនាមយើងជាកងកម្លាំង ជាយោធាច្បាប់ ត្រូវធ្វើកិច្ចការប្រកបដោយភាពម៉ឺងម៉ាត់ រក្សាបាននូវវិន័យ គោរពនូវបទបញ្ជារបស់ថ្នាក់លើ លើកកម្ពស់ស្មារតីប្រុងប្រយ័ត្នរាល់ការញុះញង់ បំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុងផងដែរ ៕