You are currently viewing ឧត្តមសេនីយ៍ទោ តាត ចន្ថា ដឹកនាំមន្ត្រីក្រោមឱវាទ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន

ឧត្តមសេនីយ៍ទោ តាត ចន្ថា ដឹកនាំមន្ត្រីក្រោមឱវាទ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាត ពីសំណាក់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃពុធ១៥កើត ខែអស្សុជ ឆ្នាំចសំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ លោក ឧត្តមសេនីយ៍ទោ តាត ចន្ថា នាយកសាលាកងរាជអាវុធហត្ថកំបូល នៃបញ្ជាការដ្ឋានកងរាជអាវុធហ្ថលើផ្ទៃប្រទេស បានដឹកនាំមន្ត្រីក្រោមឱវាទ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅទីស្តីការក្រសួង។
នៅក្នុងជំនួបពិភាក្សាការងារ លោក ឧត្តមសេនីយ៍ទោ តាត ចន្ថា បានជំរាបជូន ឯកឧត្តមរដ្ឋមន្ត្រីថា រហូតមកដល់ពេលនេះ លោកបានទទួលតំណែងជានាយកសាលាកងរាជអាវុធហត្ថកំបូល រយៈពេលជិត១០ខែហើយ។ ទន្ទឹមនឹងនេះ លោកឧត្តមសេនីយ៍ ក៏បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅដែលកន្លងមក ឯកឧត្តមរដ្ឋមន្ត្រីបានរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើបទបង្ហាញអំពីតួនាទីភារកិច្ច និងការប្រព្រឹត្តទៅ របស់ក្រសួងបរិស្ថាន និងកិច្ចសហប្រតិបត្តិការជាមួយកងរាជអាវុធហត្ថ។
ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ទោ បានប្តេជ្ញាគាំទ្រដល់ក្រសួងបរិស្ថានក្នុងការបណ្តុះបណ្តាល និងបំប៉នដល់មន្រ្តីឧទ្យាននុរក្សនូវជំនាញដូចជា លំហាត់របៀប និងជំនាញអាវុធហត្ថជាដើម។