បន្ទាយមានជ័យ៖ នៅវេលាម៉ោង ១៦ និង ០០ នាទីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង ទទួលការងារប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានចុះប្រតិបត្តិបង្រ្កាបករណីជួញដូរនូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យបានម្នាក់នៅក្នុងភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យមានឈ្មោះ វឿត សំណាង ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរគ្មាន បច្ចុប្បន្នស្នាក់នៅភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ រួមទាំងដកហូតបានវត្ថុតាងមាន៖ គ្រឿងញៀនមេតំហ្វេតាមីនទឹកកក ចំនួន ០២កូនថង់កឹប ស្មើ ៦.៤៤ក្រាម។
បន្ទាប់ពីឃាត់ខ្លួន និងសាកសួរចម្លើយពីជនសង្ស័យខាងលើ បានសារភាពថា៖ គឺឈ្មោះ សន គឹមហួយ ជាអ្នកប្រើខ្លួនអោយយកគ្រឿងញៀនមកចែកចាយបន្ត។ ក្រោយទទួលបានចម្លើយសារភាពភ្លាមៗ លោក ក៏សុំការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីសុំគោលការណ៍អនុវត្តបន្ត និងស្នើសុំគោលការណ៍ទៅព្រះរាជអាជ្ញា ចុះឆែកឆេរផ្ទះរបស់ឈ្មោះ សន គឹមហួយ ។ ក្រោយពីទទួលបានដីកាឆែកឆេរ និងមានការសម្របសម្រួលពីលោក តេង សាម៉ៃ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងចូលឆែកឆេរក្នុងផ្ទះរបស់ឈ្មោះ សន គឹមហួយ និងរឹបអូសបានវត្ថុតាងមាន៖ គ្រឿងញៀនមេតំហ្វេតាមីន(ម៉ាទឹកកក) ចំនួន ១២ថង់កឹប ទម្ងន់ ៦៧៦.៨ក្រាម, គ្រឿងញៀនមេតំហ្វេតាមីនគ្រាប់ចំនួន ៨៧៤គ្រាប់, គ្រឿងញៀនអ៊ិចស្តាស៊ីចំនួន ៩.៥គ្រាប់, គ្រឿងញៀនកេតាមីនចំនួន ០១កូនថង់ ទម្ងន់ ១.៦៨ក្រាម, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០១, កូនថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួនធំ, រថយន្ត ០១គ្រឿងម៉ាកកាមេរីស៊េរីឆ្នាំ១៩៩១, ទូរស័ព្ទដៃ ០១គ្រឿង, ខ្សែដៃលោហធាតុពណ៌លឿងមានបន្តោងរាងមូល ០១ខ្សែ ប្រវែង ១៦សង់ទីម៉ែត្រ, ខ្សែដៃលោហធាតុពណ៌លឿងរាងសំប៉ែត ០១ខ្សែប្រវែង ១០សង់ទីម៉ែត្រ, ខ្សែជើងលោហធាតុពណ៌លឿងរាងមូលចំនួន ០២ខ្សែ, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ០៣សន្លឹក, សៀវភៅគ្រួសារចំនួន ០២ក្បាល, លិខិតស្នើសុំបញ្ជាក់ការកាន់កាប់ដីធ្លីចំនួន ០១សន្លឹក, លិខិតស្នើសុំការអនុញ្ញាតសាងសង់ស្ថានីយ៍ប្រេងឥន្ទនៈ និងអគារសេវាកម្មចំនួន ០១ច្បាប់, សេចក្តីថតចម្លងសំបុត្រអាពាហ៍ពិពាហ៍ចំនួន ០១សន្លឹក និងសៀវភៅលិខិតឆ្លងដែន ០១ក្បាល។ ចំណែកជនសង្ស័យឈ្មោះ សន គឹមហួយ គេចខ្លួនបាត់ សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវតាមចាប់ខ្លួន ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។
បច្ចុប្បនជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី ។