You are currently viewing ជនសង្ស័យចំនួន ០៤នាក់ ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធករណីគ្រឿងញៀន

ជនសង្ស័យចំនួន ០៤នាក់ ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធករណីគ្រឿងញៀន

បន្ទាយមានជ័យ៖ នៅវេលាម៉ោង ០១ និង ៣០នាទីយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ចុះប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាកជាបន្តបន្ទាប់់ ពីបទរក្សាទុក និងប្រើប្រាស់សារធាតុញៀន នៅចំណុចផ្សាររ៉ាភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា៖ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ លោកបានដឹកនាំកម្លាំងធ្វើការចុះល្បាតការពារសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត បានប្រទះឃើញយុវជន ០១ក្រុម មានគ្នា ចំនួន ០៣នាក់ គួរឱ្យសង្ស័យ ក៏ហៅមកសួរនាំ និងឆែកឆេរឃើញមានគ្រឿងញៀនមេតំហ្វេតាមីនទឹកកកនៅនឹងខ្លួន ក៏ឃាត់ខ្លួនយកមកសាកសួរបន្តនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងរួមមាន៖ ១. ឈ្មោះ អ៊ុន សំណាង ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ បច្ចុប្បន្នស្នាក់នៅភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត, ២.ឈ្មោះ យ៉េន យឿន (ហៅ អាយ៉ន) ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករអូសរទេះ បច្ចុប្បន្នស្នាក់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត, ៣. ឈ្មោះ រី រ៉ា ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករអូសរទេះ បច្ចុប្បន្នស្នាក់នៅភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉េត ក្រុងប៉ោយប៉ែត។ ក្រោយការសាកសួរ ឃើញមានតម្រុយពិរុទ្ធភាពជាទ្រង់ទ្រាយធំ លោកបានធ្វើសេចក្តីរាយការណ៍ជូនលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីស្នើសុំគោលការណ៍អនុវត្តបន្ត និងដោយទទួលបានការអនុញ្ញាតពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកក៏បានដឹកនាំកម្លាំងចុះប្រតិបត្តិការបន្ត រហូតឃាត់ខ្លួនជនសង្ស័យបានម្នាក់បន្ថែមទៀត ឈ្មោះ ជា សុជាតិ ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ បច្ចុប្បន្នស្នាក់នៅភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត រួមទាំងដកហូតបានវត្ថុតាងមាន៖ គ្រឿងញៀនមេតំហ្វេតាមីនទឹកកកចំនួន ០៦កូនថង់កឹប ទម្ងន់ ៦.៥៧ក្រាម, គ្រឿងញៀនមេតំហ្វេតាមីនគ្រាប់ចំនួន ១២គ្រាប់, កញ្ឆាក្រៀមចំនួន ០២ថង់កឹប ទម្ងន់ ១៦.ក្រាម, បំពង់ដែកទីបចំនួន ០១ដើម, ពូថៅចំនួន ០៣ដើម, កាំបិតតាំងតោចំនួន ០១ដើម, ញញួរចំនួន ០២ដើម, កាំបិតខ្វែវចំនួន ០១ដើម, ដាវស៉ាំម៉ូរ៉ៃចំនួន ០៣ដើម, កាំបិតឆ្នៃចំនួន ០១ដើម, ថង់សម្រាប់ច្រកគ្រឿងញៀន និងឧបករណ៍ជក់គ្រឿងញៀនមួយចំនួនទៀត។

បន្ទាប់ពីកម្លាំងជំនាញសាកសួរ ជនសង្ស័យទាំង ០៤នាក់ខាងលើ បានសារភាពថា៖ ខ្លួនពិតជាបានទិញគ្រឿងញៀនមួយចំនួន ដើម្បីយកមករក្សាទុកសម្រាប់ប្រើប្រាស់ពិតប្រាកដមែន ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ។