កំពង់ឆ្នាំង៖ ព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ភោធដាក់ឱ្យដំណើរការអាជីវកម្មថ្មម៉ាបរបស់ក្រុមហ៊ុន អេស.អេច.អ.អិន.ជី.អ៊ិនវេសមិន (S H R N G Investment) ជាក្រុមហ៊ុនដំណើរការអាជីវកម្មថ្មម៉ាប មានទីតាំងស្ថិតនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
តំណាងក្រុមហ៊ុន S H R N G Investment បានរាយការឱ្យដឹងថា ដោយពិនិត្យឃើញថាប្រទេសកម្ពុជាមានសន្តិភាព ស្ថេរភាពនយោបាយ និងសន្តិសុខល្អ ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានគោលនយោបាយទាក់ទាញវិនិយោគពីបរទេស ក្នុងនោះវិស័យសំណង់កំពុងរីកចម្រើន តម្រូវការសម្ភារផ្នែកសំណង់ក៏កាន់តែច្រើន ហើយការនាំចូលផលិតផលពីក្រៅប្រទេសមានតម្លៃខ្ពស់ និងដើម្បីលើកស្ទួយការប្រើប្រាស់ធនធានក្នុងប្រទេសដែលមានស្រាប់ និងដើម្បីរួមចំណែកបង្កើតទីផ្សារការងារ ក្រុមហ៊ុនបានសម្រេចចិត្តបោះទុនវិនិយោគក្នុងរង្វង់ទឹកប្រាក់ចំនួន ១២ លានដុល្លារ ដោយចែកចេញជា ៣ ដំណាក់កាលនិងមានសមត្ថភាពផលិតថ្មម៉ាបបានចំនួន ២០ម៉ឺនម៉ែត្រការ៉េក្នុងរយៈពេលមួយខែ។
លោកនាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងនូវការអបអរសាទរ ពិធីបើកឱ្យដំណើរការអាជីវកម្មថ្មម៉ាប របស់ក្រុមហ៊ុន S H R N G Investment និងជូនពរឱ្យក្រុមហ៊ុនដំណើរការអាជីវកម្មទទួលបានជោគជ័យ ។ នាយឧត្តមសេនីយ៍បានបន្តថា តាមរយៈរបាយការណ៍ របស់តំណាងក្រុមហ៊ុនបានបង្ហាញឱ្យឃើញថា អ្នកវិនិយោគបានផ្តល់នូវការជឿទុកចិត្ត គោលនយោបាយទាក់ទាញវិនិយោគពីបរទេស របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសន្តិភាព សន្តិសុខ ស្ថេរភាពនយោបាយ ជាមួយនឹងកាលានុវត្តន៍ភាព នៃបរិយាកាសវិនិយោគវិស័យវត្ថុធាតុដើម ផ្គត់ផ្គង់សំណង់ ដែលវិស័យមួយនេះកំពុងរួមចំណែកយ៉ាងសកម្ម ក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ។ នាយឧត្តមសេនីយ៍ ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ដែលជ្រើសរើសយកប្រទេសកម្ពុជាសម្រាប់ការបណ្តាក់ទុនវិនិយោគ និងស្នើឱ្យក្រុមហ៊ុនយកចិត្តទុកដាក់នូវបញ្ហាបរិស្ថាន គោរពច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និងសូមអំពាវនាវដល់អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច មេត្តាជួយគាំទ្រ បង្កភាពងាយស្រួលដល់ដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន សូមឱ្យអតិថិជនជួយជាវយកទៅធ្វើអាជីវកម្ម ជួយប្រើប្រាស់ផលិតផលរបស់ខ្មែរដែលយើងផលិតបានក្នុងស្រុក ដើម្បីលើកតម្កើងតម្លៃជាតិរបស់យើង។