ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញលិខិតបដិសេធបណ្តាញព័ត៌មានសង្គមមួយដែលយកឈ្មោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការផ្សព្វផ្សាយព័ត៌មាន។ យោងតាមលិខិតបដិសេធដែលចុះហត្ថលេខាដោយ លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា៖ ក្នុងពេលថ្មីៗនេះ មានបណ្តាញព័ត៌មានសង្គមមួយឈ្មោះ (Pages នាយឧត្តមសេនីយ៍ សៅ សុខា) បានផ្សាយព័ត៌មានដោយប្រើឈ្មោះនិងប្រើរូប ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ហើយបានបញ្ជាក់នៅលើ Pages នោះថា “សូមស្វាគមន៍មកកាន់ទំព័រផ្លូវការរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ផ្កាយមាស4 សៅ សុខា” ។ ការប្រព្រឹត្តនេះ គឺជាអំពើឆបោកដែលនឹងត្រូវផ្តន្ទាទោសតាមច្បាប់។ កងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមបដិសេធចំពោះ Pages នាយឧត្តមសេនីយ៍ សៅ សុខា ដែលផ្សាយក្នុងបណ្តាញព័ត៌មានសង្គមនោះ ពិតជាមិនមែនរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ទេ។ សូមបញ្ជាក់ថា នេះជាលើកទី២ហើយដែលមានបុគ្គលយកឈ្មោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មកប្រើលើបណ្តាញព័ត៌មានសង្គម បើយោងតាមក្រមព្រហ្មទណ្ឌការប្រព្រឹត្តអំពើបែបនេះជាបទល្មើសដែលមានចែងក្នុងមាត្រា៣៧៧ (និយមន័យនៃការឆបោក)។ និយមន័យនៃការឆបោក៖ អំពើឆបោក គឺជាអំពើបន្លំចំពោះរូបវន្តបុគ្គល ឬនីតិបុគ្គលណាមួយ ដោយប្រើឈ្មោះក្លែង ដោយអះអាងទៅលើឋានៈក្លែង ដោយរំលោភលើឋានៈពិតប្រាកដ ឬដោយប្រើឧបាយកលទុច្ចរិត ហើយដូច្នេះបានទទួលពីបុគ្គលនេះ ដែលនាំឱ្យខូចប្រយោជន៍របស់បុគ្គលនេះ ឬរបស់តតិយជននូវ៖ ១-ការប្រគល់មូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិអ្វីមួយ ២-ការផ្គត់ផ្គង់សេវា ៣-ការធ្វើលិខិតដែលមានតម្លៃជាកាតព្វកិច្ច ឬជាការឱ្យរួចពីកាតព្វកិច្ច។ យោងតាមនិយមន័យនេះ បុគ្គលដែលប្រព្រឹត្តបទល្មើសនេះនឹងទទួលការផ្តន្ទាទោសតាមច្បាប់ ដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀលទៅ៦លានរៀល។ ជាក់ស្តែងមានធាតុផ្សំគ្រប់គ្រាន់ ការដែលបុគ្គលនេះបង្កើត “Pages នាយឧត្តមសេនីយ៍ សៅ សុខា” គឺដើម្បីទទួលបានការផ្គត់ផ្គង់សេវា ហើយសេវានោះគឺសេវាព័ត៌មាន ជាពិសេសបុគ្គលដែលបានប្រព្រឹត្តសរសេរក្នុងPagesនោះថា “សូមស្វាគមន៍មកកាន់ទំព័រផ្លូវការរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ផ្កាយមាស4 សៅ សុខា” ដើម្បីទទួលសាធារណជន Like បានច្រើន នេះជាភស្តុតាងមួយ។ បុគ្គលដែលបានបន្លំពីលើកមុននោះក៏បានរកឃើញដែរតែដោយសារការអធ្យាស្រ័យពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ មិនប្តឹងឱ្យអនុវត្តតាមច្បាប់ គឺត្រឹមតែឱ្យលុបចោលហើយឈប់ប្រើPagesនោះទៀត។

កងរាជអាវុធហត្ថលើផ្ទៃប្រទេស បដិសេធ គេហទំព័រ ដែលក្លែងបន្លំដោយប្រើឈ្មោះនិងរូប នាយឧត្តមសេនីយ៍ សៅ សុខា
- Post author:Eng Hy
- Post published:April 24, 2016
- Post category:បញ្ជាដឹកនាំ
You Might Also Like

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីរៀបអភិសេកព្រះអង្គប្រក់នាគគោកធ្លក

ឧត្តមសេនីយ៍ត្រី សំ តុលា បានដឹកនាំកិច្ចប្រជុំជួរបញ្ជាការធ្វើការត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ចនិងលទ្ធផលការងារ កងរាជអាវុធហត្ថ៩ខែ!

ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច ប្រចាំខែឧសភា

លោកវរសេនីយ៍ឯក ឈួន គឹមសាន បើកកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច ការងារកងរាជអាវុធហត្ថ រយៈពេល០៩ខែ

ឧត្តមសេនីយ៍ត្រី កង សៅគុណ ដឹកនាំប្រជុំបូកសរុបលទ្ធផលការងារ កងរាជអាវុធហត្ថប្រចាំឆ្នាំ២០១៩ ទិសដៅឆ្នាំ២០២០
