ឧត្តមសេនីយ៍ទោ តាត ចន្ថា ដឹកនាំមន្ត្រីក្រោមឱវាទចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត គុណ ញឹម

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពីសំណាក់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃអង្គារ ៦រោច ខៃអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ទោ តាត ចន្ថា នាយកសាលាកងរាជអាវុធហត្ថកំបូល បានដឹកនាំមន្ត្រីក្រោមឱវាទចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ នាឱកាសនៃជំនួបនោះ លោកឧត្តមសេនីយ៍ទោ តាត ចន្ថា បានជំរាបជូនឯកឧត្តម ករថារហូតមកដល់ពេលនេះ លោកបានទទួលតំណែងជានាយកសាលាកងរាជអាវុធហត្ថកំបូល បានរយៈពេល១០ខែហើយ។ ទន្ទឹមនឹងនេះ លោកឧត្តមសេនីយ៍ទោ តាត ចន្ថា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដែលកន្លងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាមានជំនឿទុកចិត្តខ្ពស់លើកងរាជអាវុធហត្ថក្នុងការផ្តល់ការហ្វឹកហ្វឺននិងបណ្តុះបណ្តាលជំនាញអាវុធហត្ថដល់មន្រ្តីគយ និងរដ្ឋាករ។ ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ទោ បានប្តេជ្ញាគាំទ្រ និងបន្តកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរឱ្យកាន់តែមានភាពប្រសើរឡើងថែមទៀត។ ក្រៅពីនេះ ឯកឧត្តម បណ្ឌិត គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករបានជំរាបថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករនឹងចាត់បញ្ជូនមន្រ្តីគយមកហ្វឹកហ្វឺន និងបណ្តុះបណ្តាលវិជ្ជាជំនាញអាវុធហត្ថនាដើមឆ្មាំ២០២០ ខាងមុខនេះ។