You are currently viewing ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ពាក់ព័ន្ធករណីលួច និងទទួលផលចោរកម្ម

ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ពាក់ព័ន្ធករណីលួច និងទទួលផលចោរកម្ម

បន្ទាយមានជ័យ៖ នៅវេលាម៉ោង ១៧ និង ០០នាទីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណីលួច និងទទួលផលចោរកម្ម ប្រព្រឹត្តកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ នៅចំណុចភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា៖ យោងលើពាក្យបណ្តឹងរបស់ជនរងគ្រោះចំនួន ០២នាក់ឈ្មោះ រស្មី វុធម៉ានី ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិសាមគី្គ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងឈ្មោះ ទូច ពិនកុសាល្យ ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត និងដោយទទួលបានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងចុះប្រតិបត្តិការស្រាវជ្រាវរកមុខសញ្ញាប្រព្រឹត្តបទល្មើសរហូតឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ឈ្មោះ ស៊ឹម សឿន ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅមិនពិតប្រាកដ ក្រុងប៉ោយប៉ែត និងឈ្មោះ គឹម ឆាង ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត រួមទាំងរឹបអូសបានវត្ថុតាងមាន៖ ម៉ូតូចំនួន ០១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៤ លេខតួ-លេខម៉ាស៊ីន 986750 ។
តាមការបំភ្លឺរបស់ជនរងគ្រោះឈ្មោះ ទូច ពិនកុសាល្យ ថានៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោងប្រមាណ ០៨ និង៣០នាទី ខ្លួនបានជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ដឹកសម្ភារសំណង់ទៅឱ្យអតិថិជន នៅចំណុចភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត លុះដល់ផ្ទះអតិថិជន ខ្លួនបានចតម៉ូតូ នៅមុខផ្ទះ ហើយបានយកឥវ៉ាន់ឱ្យអតិថិជននៅខាងក្នុងផ្ទះ ពេលខ្លួនចេញមកវិញ ស្រាប់តែបាត់ម៉ូតូរកមិនឃើញ ក៏មកដាក់ពាក្យបណ្តឹងតែម្តង និងតាមការបំភ្លឺរបស់ជនរងគ្រោះឈ្មោះ រស្មី វុធម៉ានី ថានៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោងប្រមាណ ១២ និង ៣០នាទី បុគ្គលិកហាងរបស់ខ្លួនបានជិះម៉ូតូម៉ាក SUZUKI FD-110 ពណ៌ខ្មៅ ផលិតឆ្នាំ២០03 ដឹកទំនិញទៅអោយអតិថិជន លុះត្រឡប់មកវិញបានចតម៉ូតូទុកនៅមុខហាងរបស់ខ្លួន (ដោយភ្លេចដកកូនសោរ) នៅចំណុចភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ពេលមករកម៉ូតូជិះចេញក្រៅ ស្រាប់តែបាត់រកមិនឃើញ ទើបឆែកកាមេរ៉ាសុវត្ថិភាព ឃើញជនសង្ស័យមិនស្គាល់អត្តសញ្ញាណយកជិះចេញទៅបាត់។ ក្រោយពីទទួលបានពាក្យបណ្តឹង លោកបានដឹកនាំកម្លាំងចុះស្រាវជ្រាវ និងកំណត់មុខសញ្ញាជនសង្ស័យឃាត់ខ្លួនតែម្តង។ ចំណែកម៉ូតូ ០១គ្រឿង ដែលរឹបអូស ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ប្រគល់ជូនម្ចាស់ដើមវិញហើយ និងកំពុងបន្តស្រាវជ្រាវរកម៉ូតូ ០១គ្រឿងផ្សេងទៀត ដែលជនសង្ស័យខាងលើបានលួច ដើម្បីយកមកប្រគល់ជូនម្ចាស់ដើមវិញ ។
បន្ទាប់ពីកម្លាំងជំនាញសាកសួរជនសង្ស័យឈ្មោះ ស៊ឹម សឿន បានសារភាពថា៖ ខ្លួនបានប្រព្រឹត្តអំពើលួចម៉ូតូ ក្នុងមូលដ្ឋានក្រុងប៉ោយប៉ែត បានចំនួន ០៥គ្រឿងមកហើយ ពេលលួចបាន គឺតែងយកទៅដាក់បញ្ចាំ(បញ្ចាំដាច់) និងលក់ទៅឱ្យឈ្មោះ គឹម ឆាង ចំណែកជនសង្ស័យឈ្មោះ គឹម ឆាង ពេលជនសង្ស័យខាងលើ យកម៉ូតូមកបញ្ចាំដាច់ ឬលក់គឺតែងតែយកម៉ូតូទាំងនោះ ទៅលក់ឱ្យអតិថិជនបន្តនៅតាមខេត្ត និងតំបន់ផ្សេងៗ តាមតម្រូវការរបស់អតិថិជន។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី។