ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននឹងកំពុងប្រារព្ធពិធីបើកវគ្គបំប៉ននាយទាហាន កងរាជអាវុធហត្ថថ្នាក់វរសេនីយ៍ ឆ្នាំ២០១៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ភួង សីុភិន មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស
តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ ស្នងការ នាយកសាលា លោក នាយការិយាល័យ នាយអាវុធហត្ថដែលជាសិក្ខាកាមជាច្រើនរូបផងដែរ។ យោងតាមរបាយការណ៍របស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ អឿ សាវ៉ន នាយកសាលាកំបូល បានឱ្យដឹងថា វគ្គនេះចាប់ផ្តើមពីថ្ងៃទី២៦ ខែមេសា ដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ មានសិក្ខាកាមជានាយទាហាន កងរាជអាវុធហត្ថថ្នាក់វរសេនីយ៍ មកពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថផ្ទៃប្រទេស សាលាកំបូល មជ្ឈមណ្ឌលភ្នំជុំរាយ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី ខេត្ត សរុបមានចំនួន៥៨នាក់។ សិក្ខាកាមទាំងអស់នេះ មុននឹងបានចូលរៀនត្រូវបានប្រឡងវាស់ស្ទង់សមត្ថភាពជាមុនរួចហើយ។