នាព្រឹកថ្ងៃពុធ ៧កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ២០១៨ នៅស្នងការដ្ឋានសម្ភារៈបច្ចេកទេសGIGR(បឹងតាមោក) បានធ្វើពិធីបិទវគ្គបំប៉នជំនាញការងារសម្ភារៈបច្ចេកទេស ឆ្នាំ២០១៨ ដល់សិក្ខាកាមដែលជានាយទាហាននៃកងរាជអាវុធហត្ថចំណុះបញ្ជាការដ្នានកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងបញ្ជាការដ្នានកងរាជអាវុធហត្ថរាជធានី ខេត្តចំនួនសរុប៥៤នាក់។ កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកឧត្តមសេនីយ៏ឯក ទៀវ ប៊ុនខេង មេបញ្ជាការរងទទួលជំនាញការងារសម្ភារៈបច្ចេកទេសតំណាងដ៏ខ្ពង់ខ្ពស់លោកនាយឧត្តមសេនីយ៏ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
លោកឧត្តមសេនីយ៍ទោ ជួន ជឿន ស្នងការ ស្នងការដ្ឋានសម្ភារៈបច្ចេកទេស កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានឱ្យដឹងថាវគ្គបំប៉នជំនាញការងារសម្ភារៈបច្ចេកទេសឆ្នាំ២០១៨ ដែលបានសិក្សារយៈពេល៣ថ្ងៃកន្លងទៅនេះសិក្ខាកាមទាំងអស់បានយកចិត្តទុកដាក់ក្នុងការគោរពបទបញ្ជាផ្ទៃក្នុងក៏ដូចជាបទបញ្ជារបស់មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានខ្ជាប់ខ្ជួនជាពិសេសបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរៀនសូត្រហ៊ានសួរដេញដោលនិងស្តាប់ការពន្យល់បកស្រាយរបស់លោកគ្រូឧទ្ទេសនាមនានាប្រកបដោយចំណេះដឹងនិងបទពិសោធន៍ជាក់ស្តែង។
ក្រោយពីបានស្តាប់របាយការណ៍បិទវគ្គសិក្សារួចមកលោកឧត្តមសេនីយ៏ឯក ទៀវ ប៊ុនខេង បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះលទ្ធផលវគ្គសិក្សានេះប្រកបដោយការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការរៀនសូត្ររហូតបានទទួលលទ្ធផលល្អប្រសើរបែបនេះ។ លោកឧត្តមសេនីយ៍ឯកបានបន្តទៀតថាជោគជ័យដែលសិក្ខាកាមទទួលបាននៅថ្ងៃនេះនិងការរៀនសូត្រផ្នែកទ្រឹស្តីទទួលបានបទពិសោធន៍ពីលោកគ្រូកន្លងទៅត្រូវយកលទ្ធផលនៃចំណេះដឹងដែលខ្លួនបានរៀនសូត្រហើយនេះទៅបម្រើប្រទេសជាតិនិងប្រជាពលរដ្ឋដោយគោរពច្បាប់ក្រមសីលធម៌វិជ្ជាជីវៈនិងគោរពសិទ្ធិមនុស្សឱ្យបានត្រឹមត្រូវព្រមទាំងរក្សាបាននូវភាពថ្លៃថ្លូរសក្កិសមជាមន្ត្រីប្រតិបត្តិច្បាប់នៃកងរាជអាវុធហត្ថ៕