ឧត្តមសេនីយ៍ឯក ទៀវ ប៊ុនខេង អញ្ជើជាអធិបតីក្នុងពិធីបិទវគ្គបំប៉នជំនាញ ការងារសម្ភារបច្ចេកទេស

ភ្នំពេញ៖ ព្រឹកថ្ងៃពុធ ៧កើត ខែកត្តិក ឆ្នាំចសំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅស្នងការដ្ឋានសម្ភារបច្ចេកទេស GIGR (បឹងតាមោក) បានធ្វើពិធីបិទវគ្គបំប៉នជំនាញការងារសម្ភារបច្ចេកទេស កងរាជអាវុធហត្ថ ឆ្នាំ២០១៨ ដល់សិក្ខាកាមដែលជានាយទាហាននៃកងរាជអាវុធហត្ថចំណុះបញ្ជាការដ្នានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងបញ្ជាការដ្នានកងរាជអាវុធហត្ថរាជធានី.ខេត្តចំនួន។ កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ឯក ទៀវ ប៊ុនខេង មេបញ្ជាការរងទទួលជំនាញការងារសម្ភារបច្ចេកទេស តំណាងដ៏ខ្ពង់ខ្ពស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ដោយមានការចូលរួមពីសំណាក់លោក ឧត្តមសេនីយ៍ស្នងការ ស្នងការរង និងនាយការិយាល័យជំនាញចំណុះបញ្ជាការដ្ឋានកងរាជអាវូធហត្ថលើផ្ទៃប្រទេស ព្រមទាំងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។ បន្ទាប់ពីលោកឧត្តមសេនីយ៍ទោ ជួន ជឿន ស្នងការ ស្នងការដ្ឋាន សម្ភារបច្ចេកទេស កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានអានរបាយការណ៍រួចមក លោកឧត្តមសេនីយ៍ឯក ទៀវ ប៊ុនខេង បានមានប្រសាសន៍ផ្តាំផ្ញើ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលវគ្គសិក្សានេះប្រកបដោយការខិតខំប្រឹងប្រែង យកចិត្តទុកដាក់ក្នុងការរៀនសូត្ររហូតបានទទួលលទ្ធផលល្អប្រសើរបែបនេះ។ ឧត្តមសេនីយ៍ឯក បានបន្តទៀតថា៖ ជោគជ័យដែលសិក្ខាកាមទទួលបាននៅថ្ងៃនេះ និងការរៀនសូត្រផ្នែកទ្រឹស្តីទទួលបានបទពិសោធន៍ពីលោកគ្រូ ត្រូវយកលទ្ធផលនៃចំណេះដឹងដែលខ្លួនបានរៀនសូត្រ ទៅបម្រើប្រទេសជាតិនិងប្រជាពលរដ្ឋដោយគោរពច្បាប់ក្រមសីលធម៌វិជ្ជាជីវៈ និងគោរពសិទ្ធិមនុស្ស ឱ្យបានត្រឹមត្រូវព្រមទាំងរក្សាបាននូវភាពថ្លៃថ្លូរសក្តិសមជាមន្ត្រីប្រតិបត្តិច្បាប់នៃកងរាជអាវុធហត្ថ។ មិនតែប៉ុណ្ណោះនៅពេលអស់លោកត្រឡប់ទៅអង្គភាពវិញត្រូវពង្រឹងប្រសិទ្ធភាពជំនាញរបស់ខ្លួន ដែលជាតួនាទីភារកិច្ចដ៏សំខាន់ក្នុងការថែរក្សាឱ្យបានល្អនូវទ្រព្យសម្បត្តិរបស់អង្គភាពដូចជាៈអាវុធគ្រាប់, រថយន្តសារ៉ែន ឬរថយន្តសម្រាប់ដឹកជញ្ជូនកម្លាំងអាវុធហត្ថចល័តជាដើម ដើម្បីធានាក្នុងការប្រតិបត្តិការ ឱ្យទទួលបានជោគជ័យ៕