ព្រះវិហារ៖ បន្ទាប់ពីទទួលបានបទបញ្ជាពីលោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ នៅវេលាម៉ោង ០៩ និង ៣០នាទី ព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ត សហការជាមួយកម្លាំងការិយាល័យទី២កងពលតូចអន្តរាគមន៍លេខ៨ ដឹកនាំដោយលោកវរសេនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាការកងរាជអាវុធហត្ថស្រុកជាំក្សាន្ត បានចុះបង្ក្រាបករណីរក្សាទុក ឬជួញដូរនូវសារធាតុគ្រឿងញៀន នៅចំណុចភូមិស្រអែមត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់មាន៖
១. ឈ្មោះ ឡៃ ជាសៀន ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកើតហេតុខាងលើ។
២. ឈ្មោះ លីន លន ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្រអែមជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
កម្លាំងបានដកហូតបានវត្ថុតាងម្សៅក្រាមពណ៌សថ្លា(ម៉ាទឹកកក)ចំនួន ០៤កញ្ចប់, លុយរៀលចំនួន ៣០,០០០រៀល, ទូរស័ព្ទចំនួន ០៦គ្រឿង និងសម្ភារវេចខ្ចប់មួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះវិហារ ដើម្បីបន្តនីតិវិធី។