You are currently viewing លោក នាយឧត្តមសេនីយ៍ សៅ សុខា ដង្ហែរអង្គកឋិនទាន ប្រមូលបច្ច័យបានជាង ២៣៨ លានរៀលប្រគេនព្រះសង្ឃវត្តទេពរង្សី

លោក នាយឧត្តមសេនីយ៍ សៅ សុខា ដង្ហែរអង្គកឋិនទាន ប្រមូលបច្ច័យបានជាង ២៣៨ លានរៀលប្រគេនព្រះសង្ឃវត្តទេពរង្សី

កណ្តាល៖ ព្រឹកថ្ងៃអង្គារ ១៣កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅវត្តទេពរង្សី ស្ថិតក្នុងភូមិពោធិ៍មង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកជំទាវ ព្រមទាំងមេបញ្ជាការរង នាយ នាយរងនៃកងរាជអាវុធហត្ថ និងពុទ្ធបរិស័ទជិត ឆ្ងាយ បានមូលមតិគ្នាជាឯកច្ឆ័ន ផ្តួចផ្តើមអង្គកឋិនទាន ដើម្បីប្រមូលបច្ច័យសម្រាប់បម្រើវិស័យព្រះពុទ្ធសាសនា ក្នុងវត្តទេពរង្សី ។
លោកនាយឧត្តមសេនីយ៍ សៅ សុខា បានមានប្រសាសន៍ ថ្លែងនូវអំណរគុណនិងជូនពរចំពោះអស់លោក លោកស្រី លោកតា លោកយាយ ពុទ្ធបរិស័ទ បង ប្អូន ជនរួមជាតិទាំងអស់ ជាមួយនឹងការជូនពរចំពោះព្រះចៅអធិការវត្ត ព្រមទាំងព្រះសង្ឃគ្រប់ព្រះអង្គ សូមប្រកបតែពុទ្ធពរប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ បដិពានៈកុំបីឃ្លៀងឃ្លាតឡើយ ហើយអញ្ជើញទៅណាមកណា ប្រកបដោយសុវត្ថិភាព និងមានសេចក្តីសុខ។ ឆ្លៀតក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ សៅ សុខា ក៏បានប្រកាសពីបច្ច័យដែលទទួលបានពីម្ចាស់ដើមបុណ្យទាំងអស់ចំនួន ២៣៨លាន ៥០៥ពាន់រៀល និងបានវេរប្រគេនជូនព្រះចៅអធិការវត្ត ដើម្បីយកទៅចាត់ចែង តាមសេចក្តីត្រូវការក្នុងវត្ត។ លោកនាយឧត្តមសេនីយ៍ បានបន្ថែមថា អង្គកឋិនទាននេះ បានបង្ហាញពីសាមគ្គីភាពគ្នា ក្នុងនាមយើងជាប្រជារាស្ត្រខ្មែរ ដែលភាគច្រើនបានប្រកាន់ភ្ជាប់នូវទំនៀមទំលាប់ ប្រពៃណីតាំងពីបុរុមបុរាណរៀងមកចំពោះព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងបានពីសុខសន្តិភាព ប្រទេសជាតិមានការអភិវឌ្ឍ ប្រជាជនមានជីវភាពសម្បូរសប្បាយ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យវិស័យពុទ្ធចក្រ និងអាណាចក្រ មានភាពរីកចម្រើនទន្ទឹមគ្នា ជាពិសេសសម្តេចតែងតែរួមសុខ រួមទុក្ខជាមួយប្រជារាស្ត្រខ្មែរ ខិតខំប្រឹងប្រែងជំន្នះគ្រប់ឧបសគ្គ សម្រេចបានសមិទ្ធផលជាប្រវត្តិសាស្ត្រ ក្នុងការដឹកនាំប្រទេសឱ្យមានសុខសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យដូចសព្វថ្ងៃនេះ។ ក្នុងនោះផងដែរ លោកនាយឧត្តមសេនីយ៍ ក៏បានឧទ្ទិសកុសលផលបុណ្យដែលកើតឡើងពីអង្គកឋិនទាននេះ ជូនចំពោះឯកឧត្តម លោកជំទាវ លោកឧញ៉ា លោក លោកស្រី បងប្អូនជនរួមជាតិទាំងអស់ សូមទទួលបានមគ្គផលស្មើៗគ្នា។
បន្ទាប់ពីបញ្ចប់ពីធីបុណ្យកឋិនទាន លោកនាយឧត្តមសេនីយ៍ សៅ សុខា បានជួបសំណេះសំណាលជាមួយក្រុមកីឡាករ ទូក ង ដែលឧបត្ថម្ភ គាំទ្រដោយកងរាជអាវុធហត្ថ។ ក្នុងការជួបសំណេះសំណាលនេះ លោកនាយឧត្តមសេនីយ៍ សៅ សុខា បានមានប្រសាសន៍ថា គណៈគ្រប់គ្រងទូក ង ត្រូវស្តាប់តាមការណែនាំគណៈកម្មាធិការបុណ្យជាតិ អន្តរជាតិ ពីការប្រើប្រាស់ឯកសណ្ឋានក្នុងព្រះរាជពិធីបុណ្យអុំទុកនេះ ដែលជាបុណ្យធំមួយរបស់ប្រទេសជាតិ និងជាប្រពៃណីដូនតាយើង តាំងពីយូរលង់ណាស់មកហើយ ។ លោកនាយឧត្តមសេនីយ៍ក៏ បានរំលឹកដល់កីឡាករទាំងអស់ រឿងឈ្នះ រឿងចាញ់ ជារឿងធម្មតា តែសំខាន់ជាងនេះ គឺជាការអបអរសាទរ ការដឹងគុណដល់បុព្វបុរសដែលបានប្រើប្រាស់ទូកជាមធ្យោបាយក្នុងការការពារ កសាង បង្កើតប្រទេសឱ្យយើងបានរស់រហូតដល់សព្វថ្ងៃនេះ និងក្នុងន័យយើងអបអរសាទរ និងអរគុណស ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ អរគុណដល់យុទ្ធជន យុទ្ធនារី និងប្រជាជនកម្ពុជាដែលបានលះបង់កូនចៅ ប្តីសី បម្រើកងទ័ព និងនាំមកនូវសុខសន្តិភាព តាមរយៈនយោបាយឈ្នះ ឈ្នះ ក្នុងឱកាសសំណេះសំណាលនេះដែរ លោកនាយឧត្តមសេនីយ៍ ក៏បានឧបត្ថម្ភនូវគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនផងដែរ។