ត្បូងឃ្មុំ៖ អនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបបព្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រេទស ឱ្យមានការយកចិត្តទុកដាក់លើបញ្ហាភូមិ/ឃុំ មានសុវត្ថិភាព ជាពិសេស បញ្ហាគ្រឿងញៀន ដែលកំពុងបង្កផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម លោក ឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានដាក់ចេញនូវផែនការអនុវត្តការងារទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើស ជាពិសេស បទល្មើសគ្រឿងញៀន។ ជាក់ស្តែង នៅវេលាម៉ោង ១៧:៣០នាទី ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្លាំងជំនាញការិយាល័យបទល្មើសគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពញាក្រែក ស្រុកមេមត់ និងដោយមានការសម្របសម្រួលពីលោក ប៉ុក តារាព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តត្បូងឃ្មុំបានធ្វើការបង្ក្រាប ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិស្ពាន ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ ៖
១.ឈ្មោះ ប៊ូច ម៉េង ភេទប្រុស អាយុ ៣៨ឆ្នាំរស់នៅភូមិឃុំខាងលើ (ជួញដូរនិងរក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់)។
២.ឈ្មោះ តូម៉ាន អារ៉ាហ្វាន ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិថ្មី ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ (ប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់) ។
ដកហូតវត្ថុតាងម្សៅក្រាមពណ៌សចំនួន ០៤កញ្ចប់ (ទម្ងន់៩.០៤ក្រាមថ្លឹងទាំងសំបកថង់) ម៉ូតូ ០១គ្រឿង ទូរស័ព្ទ ០២គ្រឿង។
ក្រោយពីបានស្តាប់ចម្លើយជនសង្ស័យ និងដោយមានការឯកភាពពីលោក ប៉ុក តារា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តត្បូងឃ្មុំនៅវេលាម៉ោង ១២ និង ១០នាទី ថ្ងៃខែឆ្នាំដដែល កំលាំងជំនាញកងរាជអាវុធហត្ថខេត្តបានចុះប្រតិបត្តិការបង្ក្រាបបន្តនៅចំណុចចំការកៅស៊ូក្រុមហ៊ុន ស្ថិតក្នុងភូមិឆ្លូង២ ឃុំកំពាន់ ស្រុកមេមត់ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ទៀត
១.ឈ្មោះ ពុំ រាម ភេទប្រុស អាយុ ២៥ឆ្នាំ (ជួញដូរ និងរក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់)។
២.ឈ្មោះ ឈ្នាង ឆៃលីន ភេទប្រុស អាយុ ២០ឆ្នាំ (ប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់)
ដកហូតវត្ថុតាង (ម្សៅក្រាមពណ៌ស) ចំនួន ០២កញ្ចប់ ទម្ងន់ ១៥.៦៣ក្រាម(ថ្លឹងទាំងសំបកថង់) ម៉ូតូ ០២គ្រឿង ទូរស័ព្ទដៃ ០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំដើម្បីកសាងសុំណុំរឿងតាមនីតិវិធី៕