បន្ទាយមានជ័យ៖ នៅវេលាម៉ោង ១៤ និង ៣៧នាទីថ្ងៃទី២៣ ខែវិចិ្ឆកា ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណីហិង្សាដោយចេតនា បានប្រព្រឹត្តកាលពីថ្ងៃទី២២ ខែវិចិ្ឆកា ឆ្នាំ២០១៨ ដោយឃាត់ខ្លួនជនសង្ស័យបានម្នាក់មានឈ្មោះ វ៉ាន់ រំដួល ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ នៅចំណុចភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ជាកន្លែងដែលជនសង្ស័យរស់នៅ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា៖ យោងលើពាក្យបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះ សេង ពិសី និងមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងចុះប្រតិបត្តិការស្រាវជ្រាវរកមុខសញ្ញាប្រព្រឹត្តបទល្មើស រហូតឃាត់ខ្លួនបានជនសង្ស័យតែម្តង។
តាមការបំភ្លឺរបស់ជនរងគ្រោះនៅថ្ងៃទី២២ ខែវិចិ្ឆកា ឆ្នាំ២០១៨ វេលាម៉ោង ០៩ និង០០នាទី ជនសង្ស័យបានប្រើអំពើហឹង្សាមកលើប្អូនប្រុសរបស់ខ្លួន និងបានវាយមកលើខ្លួនទៀត ដើម្បីការពារខ្លួន រូបគាត់ក៏បានវាយទៅលើជនសង្ស័យវិញ ពេលនោះជនសង្ស័យក៏បានរត់ចេញពីកន្លែងកើតហេតុ រូបគាត់ និងប្អូនប្រុសក៏បានជិះម៉ូតូចេញ ស្រាប់តែជនសង្ស័យរត់មកស្ទាក់ពីមុខម៉ូតូរបស់គាត់ ដោយដៃរបស់ជនសង្ស័យមានកាន់កាំបិតប៉័ងតោ សំដៅកាប់មកលើខ្លួនបណ្តាលឱ្យរងរបួសជាច្រើនកន្លែង។
បន្ទាប់ពីកម្លាំងជំនាញធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា៖ ខ្លួនពិតជាបានប្រើហឹង្សាកាប់ទៅលើជនរងគ្រោះដោយប្រើកាំបិតប៉័ងតោ ពិតប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី។