បន្ទាយមានជ័យ៖ ថ្ងៃអង្គារ ៥រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែវិចិ្ឆកា ឆ្នាំ២០១៨ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានប្រារព្ធពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញកងរាជអាវុធហត្ថ ដែលមានរយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៧ ខែវិចិ្ឆកា ឆ្នាំ២០១៨ លើជំនាញចំនួន ០៧មាន លំហាត់របៀបជួរទ័ព, ការងាររក្សាសណ្តាប់ធ្នាប់, ប្រតិបត្តិការទប់ស្កាត់ និងបង្រ្កាបបាតុកម្ម, ផលប៉ះពាល់ និងច្បាប់ស្តីពីគ្រឿងញៀន, ការគ្រប់គ្រងសម្ភារសឹក, ច្បាប់ព្រហ្មទណ្ឌ និងលំហាត់របៀបបាញ់ស៊ីប ។
ក្នុងពិធីនេះ ក៏មានការបាញ់គ្រាប់ពិត ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ នាយការិយាល័យ នាយទាហាន នាយទាហានរង និងពលទាហានជាច្រើនរូប ព្រមទាំងមន្ត្រីរាជការតាមបណ្តាមន្ទីរ ស្ថាប័ន និងអង្គភាពនានាជុំវិញខេត្ត។
នាឱកាសនោះ លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន បានផ្តល់រង្វាន់លើកទឹកចិត្តដល់សិក្ខាកាម ដែលទទួលបានចំណាត់ថ្នាក់ល្អ ក្នុងការបាញ់ស៊ីបគ្រាប់ពិត ដោយចំណាត់ថ្នាក់លេខ១ (ចំនួន ០២នាក់) ក្នុងម្នាក់ទទួលបានឯកសណ្ឋានឈុតពណ៌ទឹកប៊ិច ០១កំប្លេ, អាវយឺតកងរាជអាវុធហត្ថ ០១ និងថវិកាចំនួន ១,០០០,០០០រៀល។ ចំណាត់ថ្នាក់លេខ២ (០១នាក់) ទទួលបានឯកសណ្ឋានឈុតពណ៌ទឹកប៊ិច ០១កំប្លេ, អាវយឺតកងរាជអាវុធហត្ថ ០១ និងថវិកាចំនួន ៥០០,០០០រៀល។ ចំណាត់ថ្នាក់លេខ៣ (០១នាក់) ទទួលបានឯកសណ្ឋានឈុតពណ៌ទឹកប៊ិច ០១កំប្លេ, អាវយឺតកងរាជអាវុធហត្ថ ០១ និងថវិកាចំនួន ៣០០,០០០រៀល និងផ្តល់ជូនប័ណ្ណសរសើរលើកទឹកចិត្ត ដល់សិក្ខាកាមដែលគោរពវិន័យខ្ជាប់ខ្ជួន មានសណ្តាប់ធ្នាប់ល្អចំនួន ០៥នាក់បន្ថែមទៀត និងរៀបចំពិសារអាហារសាមគ្គីថ្ងៃត្រង់មួយពេលសម្រាប់សិក្ខាកាម និងភ្ញៀវកិត្តិយសដែលបានអញ្ជើញចូលរួមផងដែរ ។