កណ្តាល៖ នៅវេលាម៉ោង ១១:២០ នាទី ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចក្នុងវត្តស្ទឹងមានជ័យ ស្ថិតក្នុងភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល ដឹកនាំដោយលោក វរសនីយ៍ត្រី អ៊ុយ សុវណ្ណា ប្រធានមន្ទីរយុត្តិធម៌ បានសហការជាមួយកម្លាំងជំនាញស្នងការដ្ឋានយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ និងបានការអនុញ្ញាតរបស់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល និងរាជធានីភ្នំពេញ កម្លាំងបានចុះប្រតិបត្តិការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ឡេវ សុខសាញ់ ហៅពិសិដ្ឋ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិអូរក្រោម ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលជាប់ពាក់ព័ន្ធនឹងការទទួលផលចោរកម្ម ក្នុងអំពើលួច (រថយន្ត ០១គ្រឿងម៉ាកលុចស៊ីស (LEXUS RX-330) ពណ៌ស (កាំម៉ៃ) ផលិតឆ្នាំ២០០៤ ពាក់ផ្លាកលេខ ភ្នំពេញ 2AH-5471) កាលពីវេលាម៉ោង ១៣:៣០ នាទី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចក្នុងយានដ្ឋាន «ជាង ម៉ៅ» ស្ថិតនៅភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល ហើយបាននាំមកធ្វើការសាកសួរតែម្តង។
លុះវេលាម៉ោង ១៦:០០នាទី ថ្ងៃទី២៦ ដដែល នៅចំណុចក្នុងវត្តជន្លុងម្លូ ស្ថិតក្នុងភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោយពេលធ្វើការសាកសួររួច ជនសង្ស័យបាននាំមកចង្អុរបង្ហាញមុខសញ្ញាទិញរថយន្តភិនភាគខាងលើនោះបន្ត រហូតឈានដល់ការបង្រ្កាបចាប់ឃាត់បានជនសង្ស័យ ០១នាក់បន្ថែមទៀត ឈ្មោះ ហង្ស សាវិន ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មរោងចក្រ មានទីលំនៅភូមិស្រែជំរៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ(អ្នកទិញបន្ត)។ ព្រមទាំងរកឃើញវត្ថុតាង រថយន្តដែលបាត់នោះមកវិញផងដែរ (បាត់ផ្លាកលេខ) នៅក្នុងផ្ទះរបស់ឈ្មោះ អ៊ុក សាម៉ន ភេទប្រុស អាយុ ៤៧ឆ្នាំ ស្ថិតនៅក្នុងភូមិស្រែជំរៅ ត្រូវជាបងថ្លៃជនសង្ស័យឈ្មោះ ហង្ស សាវិន។
បច្ចុប្បន្ន ជនសង្សយ័ ជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តរួច។