កំពង់ស្ពឺ៖ រសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំមន្ត្រីក្រោមឱវាទ អញ្ជើញចុះសាកសួរទុក្ខលោក អនុសេនីយ៍ឯក ហង្ស សុលីន មេបញ្ជាការរងក្រុងច្បារមន ដែលមានមានជំងឺធ្លាយក្រពះតម្រូវឱ្យវះកាត់ និងពេលនេះកំពុងសម្រាកព្យាបាលបន្តនៅផ្ទះ ។
លោកឧត្តមសេនីយ៍មេបញ្ជាការបានពាំនាំនូវការសាកសួរសុខទុក្ខ ពីសំណាក់លោក នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលតែងតែយកចិត្តទុកដាក់អំពីសុខទុក្ខនាយទាហាន នាយទាហានរងទាំងអស់ ។
លោកឧត្តមសេនីយ៍មេបញ្ជាការបានបន្តថា អង្គភាពមិនបានទុកយុទ្ធមិត្តមួយណាចោលនោះទេ បើទោះបីយុទ្ធមិត្តមានជំងឺ ឬត្រូវការចាំបាច់ អង្គភាពនឹងចាត់ចែងជូនដើម្បីដោះស្រាយបញ្ហាខ្វះខាតបន្ទាន់ផងដែរ ។
លោកមេបញ្ជាការក៏បានជូនពរលោកអនុសេនីយ៍ឆាប់បានជាសះស្បើយ ដើម្បីបានវិលចូលបម្រើការក្នុងអង្គភាពវិញ ក្នុងនោះផងដែរលោកមេបញ្ជាការបានប្រគល់ថវិកាចំនួន ២,១៥០,០០០ រៀល ដល់លោកអនុសេនីយ៍ឯក ហង្ស សុលីន ដើម្បីជួយដោះស្រាយការព្យាបាល ៕